ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩
មនុស្សជាច្រើននាក់រងរបួសក្រោយពេលយន្តហោះអ៊ែកាណាដាហោះចេញពីទីក្រុង Vancouver ទៅប្រទេសអូស្ត្រាលីរងការប៉ះទង្គិចនៅលើមហាសមុទ្រប៉ាស៊ីហ្វិក។ អាកាសយានិកបង្ខំចុះចតយ៉ាងតក់ក្រហល់នៅអាកាសយានដ្ឋាន Honolulu។ ជើងហោះហើរលេខ AC៣៣ មានភាពចលាចលយ៉ាងខ្លាំងនៅថ្ងៃព្រហស្បតិ៍ ហើយត្រូវបង្ខំឱ្យត្រលប់ក្រោយវិញដោយស្នើសុំចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន Honolulu។ អំឡុងពេលនៃការចុះចតមានដំណើរការយ៉ាងរលូននោះ មនុស្សមួយចំនួនរួមទាំងសមាជិកអាកាសយានិកម្នាក់រងរបួសពីភាពចលាចល។ អ្នករងរបួសមានចំនួន ២៥នាក់ ប៉ុន្តែក្រោយមកកើនដល់ចំនួន៣៥នាក់។ ភ្នាក់ងារព័ត៌មាន CTV News រាយការណ៍ថា មនុស្សជាច្រើនរងរបួសត្រង់ក្បាល និងក។ អ្នករងរបួសទាំងនោះធ្លាក់ចេញពីកៅអីរបស់ពួកគេ នៅពេលដែលយន្តហោះរងការប៉ះទង្គិចនៅលើមហាសមុទ្រប៉ាស៊ីហ្វិក។ អ្នកនាំពាក្យរបស់យន្តហោះអ៊ែកាណាដា ប្រាប់ភ្នាក់ងារសារព័ត៌មានថាអ្នកដំណើររងរបួសកំពុងពិនិត្យ និងព្យាបាល។ អ្នកនាំពាក្យនិយាយថា “បច្ចុប្បន្នយើងកំពុងរៀបចំសម្រាប់អ្នកដំណើរ រួមមានទាំងការស្នាក់នៅ និងអាហារនៅទីក្រុង Honolulu និងរៀបចំការសម្រាប់ជម្រើសនៃការហោះហើរបន្ត” ។ គេរាយការណ៍ថាលើយន្តហោះ Boeing ៧៧៧-២០០ មានអ្នកដំណើរចំនួនប្រមាណជា២៧០នាក់ និងសមាជិកអាកាសយានិកចំនួន១៥នាក់៕