ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩
ក្រសួងការពារជាតិចិនប្រកាសនៅថ្ងៃអាទិត្យថា ប្រទេសចិនធ្វើសមយុទ្ធតាមអាកាស និងតាមបណ្តោយឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ខ្លួននៅរយៈពេលប៉ុន្មានថ្ងៃក្រោយពីសហរដ្ឋអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាវុធជាមួយកោះតៃវ៉ាន់។ ទីក្រុងប៉េកាំងពុំបានរៀបរាប់លំអិតអំពីទីតាំងជាក់ស្តែងនៃការធ្វើសមយុទ្ធនោះទេ ប៉ុន្តែគេកត់សម្គាល់ឃើញថាសមយុទ្ធនេះទើបតែអនុវត្តក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ទោះបីជាពិពណ៌នាថា នោះជាទម្លាប់របស់ទីក្រុងប៉េកាំង ក៏ការធ្វើសមយុទ្ធនេះស្របគ្នាជាមួយនឹងកិច្ចព្រមព្រៀងអាវុធរវាងសហរដ្ឋអាមេរិកជាមួយនឹងកោះតៃវ៉ាន់ដែលមានតម្លៃ ២,២ពាន់លានដុល្លារ។ ក្នុងកិច្ចព្រមព្រៀងរួមមានរថក្រោះ មីស៊ីល និងសម្ភារៈផ្នែករឹងយោធាផ្សេងទៀត។ ប្រទេសចិនជំទាស់ចំពោះទង្វើនេះដោយធ្វើការទាមទារឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគោរពតាមគោលការណ៍ចិនតែមួយ(One China) និងផ្តាច់ទំនាក់ទំនងយោធាទាំងអស់ជាមួយកោះនោះ។ នៅថ្ងៃសុក្រ ទីក្រុងប៉េកាំងគម្រាមដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកដែលមានជាប់ពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀងអាវុធ៕