ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩
ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខ Media Cell និយាយថាភេរវករ២នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារនេះនៅក្នុងការវាយប្រហារតាមអាកាសទៅលើផ្លូវរូងក្រោមដីមួយកន្លែងស្ថិតនៅភាគខាងជើងខេត្ត Nineveh។ គេហទំព័ររបស់ Alghad Press បានដកស្រង់សម្តីដែលថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាបញ្ជាការប្រតិបត្តិការខេត្ត Nineveh និងកងកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិដែលដឹកនាំដោយអាមេរិកបានធ្វើការវាយឆ្មក់តាមអាកាសដោយសំដៅលើផ្លូវរូងក្រោមដីមួយកន្លែងស្ថិតនៅក្នុងតំបន់ Sukhairiat ខេត្ត Nineveh។ ក្នុងប្រតិបត្តិការនេះបណ្តាលឱ្យភេរវករ២នាក់ស្លាប់នៅខាងក្នុងផ្លូវរូងក្រោមដី។ គួររំលឹកថាប្រទេសអ៊ីរ៉ាក់បានប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីរដ្ឋអ៊ីស្លាមកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ជាមួយនឹងការកាន់កាប់ឡើងវិញលើទីក្រុង Rawa ដែលជាទីក្រុងមួយស្ថិតនៅលើព្រំដែនភាគខាងលិចរបស់ខេត្ត Anbar និងព្រំដែនស៊ីរីដែលជាបន្ទាយចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។ ពួក IS បានប្រកាសរដ្ឋអ៊ីស្លាមដោយខ្លួនឯងនៅក្នុងទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ក្រោយមកក៏មានយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក និងកងកម្លាំងយោធាប៉ារ៉ាបានចាប់ផ្តើមវាយប្រហារកាលពីឆ្នាំ២០១៦ ដើម្បីធ្វើការកាន់កាប់លើតំបន់ទាំងឡាយដែលធ្លាប់បានគ្រប់គ្រងដោយពួក IS និងធ្វើការកាន់កាប់ឡើងវិញទាំងអស់លើទីជម្រកទាំងឡាយរបស់ពួក IS ដែលភាគច្រើនស្ថិតនៅក្នុងទីក្រុងម៉ូស៊ូល ដែលជាទីក្រុងដែលក្រុមនេះធ្លាប់បានប្រកាសបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេកាលពីពេលកន្លងមក។ បើទោះបីជាក្រុមនេះបានទទួលបរាជ័យនៅទីកន្លែងសំខាន់របស់ពួកគេនៅទូទាំងប្រទេសអ៊ីរ៉ាក់ក៏ដោយក៏ក្រុមនេះនៅតែបន្តធ្វើការវាយប្រហារម្តងម្កាលប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានព្រមានថាក្រុមសកម្មប្រយុទ្ធនៅតែបង្កការគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ៕