ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩
យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបង្ហាញឱ្យដឹងថា មានមនុស្ស៣នាក់រួមទាំងកុងស៊ុលរងរបស់ប្រទេសទួរគីត្រូវគេសម្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅភោជនីយដ្ឋានមួយនៅក្រុង Erbil (ក្រុងឃឺដប្រទេសអ៊ីរ៉ាក់)។ មន្រ្តីប៉ូលិសបញ្ជាក់ពីការស្លាប់របស់អ្នកការទូតទួរគី។ គេរាយការណ៍ពីការបាញ់ប្រហារនៅម៉ោង២រសៀល ហើយវាកើតឡើងនៅភោជនីយដ្ឋានមួយនៅក្នុងតំបន់ប្រជុំទៅដោយទីផ្សារក្នុងទីក្រុងរបស់ក្រុមឃឺដអ៊ីរ៉ាក់។ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា មានជនរងគ្រោះចំនួន៣នាក់គឺជាមន្រ្តីជាមួយអគ្គកុងស៊ុលម្នាក់ ក្រសួងការបរទេសទួរគីបញ្ជាក់ពីមរណភាពរបស់អ្នកការទូតតែម្នាក់ប៉ុណ្ណោះ។ អាជ្ញាធរឃឺដបិទផ្លូវនៅជុំវិញកន្លែងកើតហេតុ និងធ្វើការរុករកនៅរថយន្តក្បែរៗទីនោះ និងនៅហាងអាជីវកម្មផ្សេងទៀត។ គេពុំទាន់រកឃើញក្មាន់ភ្លើងនៅឡើយទេ។ ទោះបីជាពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារក៏ដោយ ភាពតានតឹងរវាងប្រទេសទួរគី និងក្រុមឃឺដមិនមែនជារឿងថ្មីនោះទេ។ ប្រទេសទួរគីធ្វើការប្រយុទ្ធប្រឆាំងនឹងយុទ្ធនាការប្រដាប់អាវុធកម្រិតទាបប្រឆាំងនឹងក្រុមបំបែកខ្លួនជនជាតិឃឺដអស់រយៈពេលប្រមាណជាជាង៤ទសវត្សរ៍មកហើយ រួមទាំងធ្វើការវាយឆ្មក់ និងលុកលុយចូលទឹកដីឃឺដនៅក្នុងប្រទេសអ៊ីរ៉ាក់។ ការវាយប្រហារនៅថ្ងៃពុធក្នុងទីក្រុង Erbil កើតឡើងបន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់ប្រទេសទួរគីបានរយៈពេលជាងមួយសប្តាហ៍ ដោយហេតុការណ៍នោះសម្លាប់លោក Diyar Gharib Mohammed មេដឹកនាំជាន់ខ្ពស់នៃគណបក្សពលករឃឺដ (PKK) នៅក្នុងតំបន់ភ្នំមួយក្បែរព្រំដែនប្រទេសអ៊ីរ៉ាក់ និងប្រទេសទួរគី។ លើសពីនេះទៅទៀត ប្រទេសទួរគីត្រៀមខ្លួនរួចជាស្រេចអស់ជាច្រើនខែដើម្បីបញ្ជូនកងកម្លាំងរបស់ខ្លួនទៅកាន់ទីក្រុង Manbij ប្រទេសស៊ីរីដែលជាតំបន់មួយស្ថិតក្រោមការគ្រប់គ្រងរបស់កងជីវពលឃឺដ។ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បង្កើតឱ្យមានតំបន់សន្តិសុខនៅតាមបណ្តោយព្រំដែនប្រទេសរបស់ខ្លួនជាមួយប្រទេសស៊ីរីក្នុងគោលបំណងរារាំងការគំរាមកំហែងរបស់យុទ្ធជនឃឺដនៅទីនោះ៕