ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩
យោធាចិននិយាយនៅថ្ងៃពុធថា របាយការណ៍ដែលចេញផ្សាយថាប្រទេសចិននឹងបង្កើតមូលដ្ឋានយោធាមួយនៅកំពង់ផែកម្ពុជាជារឿងមិនពិតទេ។ អ្នកនាំពាក្យក្រសួងការពារជាតិលោកវូ ឈៀន(Wu Qian)មានប្រសាសន៍ថា កងកម្លាំងយោធាចិន និងកម្ពុជាតែងតែមានការផ្លាស់ប្តូរល្អ និងមានកិច្ចសហប្រតិបត្តិការក្នុងការហ្វឹកហ្វឺនយោធា។ លោកបន្ថែមថា កិច្ចសហប្រតិបត្តិការបែបនោះមិនកំណត់គោលដៅលើភាគីទីបីទេ។
កាសែតវ៉លស្ទ្រីតជូណល( Wall Street Journal រាយការណ៍នៅថ្ងៃចន្ទថាប្រទេសចិន និងកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់មួយដែលអនុញ្ញាតឱ្យក្រុងប៉េកាំងប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកនៅក្រុងព្រះសីហនុក្នុងឈូងសមុទ្រថៃ។ នាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុន សែន អះអាងថារបាយការណ៍នោះជាព័ត៌មានក្លែងបន្លំអាក្រក់បំផុត ដោយលោកមានប្រសាសន៍ថា ប្រទេសកម្ពុជាមិនដែលបានពិភាក្សាអំពីការបង្កើតមូលដ្ឋានយោធាជាមួយប្រទេសចិននោះទេ។









