ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩
ទូរទស្សន៍រដ្ឋផ្សាយនៅថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស៦៥នាក់ស្លាប់ក្នុងការវាយប្រហារដោយសង្ស័យថាជាទង្វើរបស់ជនជាតិអ៊ីស្លាម ទៅលើក្រុមមនុស្សដែលវិលត្រឡប់មកពីពិធីបុណ្យសពនៅរដ្ឋប័រណូភាគឥសាន្តនីហ្សេរីយ៉ា។ ពុំមានការអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារទៅលើជនស៊ីវិលក្នុងរយៈប៉ុន្មានឆ្នាំថ្មីៗនេះទេ ប៉ុន្តែក្រុមបូកូហារាំ និងក្រុមរដ្ឋអ៊ីស្លាមនៅអាហ្វ្រិកខាងលិច តែងតែវាយប្រហារជាញឹកញាប់នៅក្នុងតំបន់នោះ។ ទូរទស្សន៍ដកស្រង់ប្រសាសន៍របស់ប្រធានរដ្ឋាភិបាលក្នុងតំបន់លោក មូហាមេដ បុឡាម៉ា ថាក្រុមអ្នកវាយប្រហារសម្លាប់មនុស្សចំនួន ២១នាក់ដែលវិលត្រឡប់មកពីពិធីបុណ្យសពនៅភូមិមួយក្នុងតំបន់រដ្ឋាភិបាលង៉ាន់ហ្សៃ នៅថ្ងៃសៅរ៍ និងសម្លាប់មនុស្ស៤៤នាក់ផ្សេងទៀតនៅពេលដែលពួកគេព្យាយាមប្រមូលផ្តុំគ្នាដើម្បីការពារខ្លួន។ នៅថ្ងៃអាទិត្យប្រធានាធិបតី លោក មូហាមាឌូ បូហារ៉ី បញ្ជាឱ្យយោធាតាមប្រមាញ់ជនល្មើស។ រដ្ឋប័រណូគឺជាចំណុចកណ្តាលនៃការបះបោររបស់ក្រុមបូកូហារាំ និងក្រុមរដ្ឋអ៊ីស្លាមនៅអាហ្វ្រិកខាងលិច។ មួយសប្តាហ៍មុនសហគមន៍មួយចំនួនបានប្រឈមមុខនឹងក្រុមបះបោរបូកូហារាំ ហើយត្រូវបានគេរាយការណ៍ថាអាជ្ញាធរសម្លាប់សមាជិករបស់ពួកគេចំនួន១១នាក់៕









