ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩
អ្នកតំណាងអង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីប៊ីអំពាវនាវឱ្យមានបទឈប់បាញ់គ្នារវាងភាគីជម្លោះក្នុងអំឡុងថ្ងៃបុណ្យឈប់សម្រាករបស់ជនជាតិអ៊ីស្លាមគឺ អ៊ីដ អាលអាដ្ហា ហើយលោកព្រមានថា ជម្លោះដែលកំពុងបន្តអាចរីករាលដាលទៅជាសង្គ្រាមស៊ីវិល។ លោក ហ្គាសាន សាឡាម ប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃច័ន្ទថា បទឈប់បាញ់គ្នាសម្រាប់ថ្ងៃបុណ្យអ៊ីដ(ពិធីបុណ្យនៃការបូជា) នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា គួរតែមានបញ្ចូលទាំងវិធានការពង្រឹងទំនុកចិត្តរួមទាំងការដោះដូរអ្នកទោស និងការដោះលែងអ្នកជាប់ឃុំ។ ភ្នាក់ងារព័ត៌មាន AP ដកស្រង់សម្តីលោកថា “ថ្ងៃនោះគួរតែមានការប្រជុំកម្រិតខ្ពស់របស់ប្រទេសដើម្បីបញ្ចប់អរិភាពក៏ដូចជាកិច្ចប្រជុំរបស់ឥស្សរជនលីប៊ីដើម្បីព្រមព្រៀងលើមាគ៌ាឆ្ពោះទៅមុខសម្រាប់ប្រទេសដែលរងការបាក់បែក”។ លោក សាឡាម បន្ថែមថាផែនការសកម្មភាព៣ផ្នែករបស់លោកនឹងតម្រូវឱ្យមានការឯកភាពគ្នាក្នុងចំណោមសមាជិកចំនួន១៥នាក់របស់ក្រុមប្រឹក្សាសន្តិសុខ និងប្រទេសដទៃទៀតដែលមានឥទ្ធិពលលើមូលដ្ឋាន៕