ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩
ប្រធានស៊ើបការណ៍សម្ងាត់យោធាអ៊ីរ៉ាក់បាននិយាយថាផ្លូវរូងក្រោមដីសម្ងាត់មួយដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមត្រូវបានបំផ្លាញចោលនៅក្នុងទីក្រុងម៉ូស៊ុលកាលពីថ្ងៃអង្គារនេះ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយដោយវេបសាយ Alghad Press បាននិយាយថាផ្លូវរូងក្រោមដីនេះប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដើម្បីលាក់ខ្លួន និងរត់គេចពីកម្លាំងសន្តិសុខបន្ទាប់ពីរំដោះបានទីក្រុងម៉ូស៊ុលពីពួកភេរវកម្ម។ ការរឹបអូសផ្លូវរូងក្រោមដីនេះធ្វើឡើងក្នុងកំឡុងពេលប្រតិបត្តិការយោធាមួយរបស់កម្លាំងស៊ើបការណ៍សម្ងាត់ដែលស្ថិតនៅក្នុងស្រុក al Qayyarah ទីក្រុង ម៉ូស៊ុល។ ក្នុងរបាយកាណ៍បានប្រាប់បន្ថែមថាកងទ័ពបានបំផ្លាញចោលផ្លូវរូងក្រោមដីនេះទាំងស្រុងបន្ទាប់ពីរឹបអូសបាន។ គួររំលឹកថាអតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានប្រកាសកាលពីខែកក្កដាឆ្នាំ២០១៧ថារំដោះបានទីក្រុងម៉ូស៊ុលដែលជាទីក្រុងធំទីពីររបស់អ៊ីរ៉ាក់ចេញពីពួកសកម្មប្រយុទ្ធ IS ដែលបានកាន់កាប់កាលពីឆ្នាំ២០១៤កន្លងមក។ ក្រុមសកម្មប្រយុទ្ធប្រមាណជាជាង២៥,០០០នាក់ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការនេះដែលចាប់ផ្តើមកាលពីខែតុលាឆ្នាំ២០១៦។ យុទ្ធនាការនេះធ្វើឡើងដោយមានការគាំទ្រពីសំណាក់យោធាប៉ារ៉ា និងកងកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក។ ប្រទេសអ៊ីរ៉ាក់បានប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីអ៊ីស្លាមកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ជាមួយនឹងការកាន់កាប់ឡើងវិញលើទីក្រុងរ៉ាវ៉ា ដែលជាទីក្រុងមួយស្ថិតនៅលើព្រំដែនភាគខាងលិចរបស់ខេត្តអានបា និងព្រំដែនស៊ីរីដែលជាបន្ទាយចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់៕
