លោក ត្រាំ គំរាមដោះលែងអ្នកប្រយុទ្ធ ISIS ២,៥០០នាក់ឱ្យត្រឡប់ចូលអឺរ៉ុបវិញ

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្រមានថាក្រុមជីហាដមានចំនួនប្រមាណ២,៥០០នាក់​ដែល​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តធ្លាប់ចាប់ខ្លួននៅក្នុងប្រទេសស៊ីរី  និងអ៊ីរ៉ាក់អាចនឹងត្រូវដោះលែងឱ្យចូល​ទឹក​ដីអឺរ៉ុបក្នុងពេលឆាប់ៗនេះ លើកលែងតែសហភាពអឺរ៉ុបយល់ព្រមដកយុទ្ធជន​បរទេសតាម​កិច្ចព្រមព្រៀង​ផ្ទាល់ខ្លួន។ លោក ត្រាំ សម្តែងការខកចិត្តម្តងហើយម្តងទៀតចំពោះការស្ទាក់ស្ទើររបស់​សហភាព​អឺរ៉ុបក្នុងការធ្វើមាតុភូមិនិវត្តន៍ និងការកាត់ទោសអ្នកប្រយុទ្ធអឺរ៉ុបដែលគេចាប់ខ្លួន​នៅ​មជ្ឈិមបូព៌ា។ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុនលោកធ្វើការគម្រាមមួយទៀតថា នឹងអនុញ្ញាតឱ្យភេរវករវិល​ត្រឡប់​ទៅអឺរ៉ុបវិញ។ “អ្នកមានសមាជិកនៅជុំវិញជានិច្ច ប៉ុន្តែឥលូវនេះយើងចាប់បានច្រើនជាង ១ម៉ឺននាក់ ហើយពេលនេះយើងមានអ្នកប្រយុទ្ធ ISIS ចំនួន២,៥០០នាក់ ដែលយើងចង់អោយអឺរ៉ុប​ទទួល​យក​ព្រោះពួកគេនឹងត្រលប់ទៅអឺរ៉ុប ប្រទេសបារាំង និងទៅកន្លែងផ្សេង។” លោក​ ត្រាំ​ មានប្រសាសន៍ទៅកាន់អ្នកយកព័ត៌មាននៅសេតវិមាន។ “ដោយយើងមានអ្នកប្រយុទ្ធ ISIS ចំនួនរាប់ពាន់នាក់ដែលយើងចង់អោយអឺរ៉ុបទទួលយក ហើយចាំមើលថា តើអឺរ៉ុបនឹងយកពួកគេឬអត់។ ហើយប្រសិនបើមិនយកពួកគេទេយើងប្រហែលជាត្រូវដោះលែងពួកគេ។”  នោះមិនមែនជា​លើកទីមួយទេ​ដែលលោកត្រាំទាមទារឱ្យអឺរ៉ុបទទួលយកជនជាតិរបស់ខ្លួនដែលទៅប្រទេសស៊ីរី និងអ៊ីរ៉ាក់ដើម្បីចូលក្រុមរដ្ឋអ៊ីស្លាម (IS អតីត ISIS) និងអង្គភាពភេរវករដទៃទៀត។ នៅខែកុម្ភៈលោក ត្រាំ ធ្លាប់លើកឡើងអំពីយុទ្ធជន ISIS ចំនួន៨០០នាក់ ដែលមានចំនួនតិចជាងមួយភាគបី​នៃចំនួន​បច្ចុប្បន្ន។ នៅគ្រានោះលោក ត្រាំ មានប្រសាសន៍ថា ក្រុមជីហាដនិយមទំនងជានឹងរីករាលដាលនៅ​អឺរ៉ុប​នៅ​ពេល​ដែល​កងកម្លាំង​អាមេរិកដកថយក្រោយពីមានការបរាជ័យរបស់ក្រុមកាលីហ្វាតដោយ​លោក​ធ្លាប់បញ្ជាក់ថាមានតែការខិតខំរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ។ ការគំរាមកំហែងមិនមាន​លក្ខណៈ​ល្អ​ជាមួយ​បណ្តាប្រទេសអឺរ៉ុបទេ។ ប្រទេសអាឡឺម៉ង់ធ្លាប់សម្តែងការព្រួយបារម្ភផ្នែកច្បាប់ជុំវិញ​ការផ្លាស់ប្តូរនេះហើយប្រទេសដាណឺម៉ាកបដិសេធទាំងស្រុង។ លោកត្រាំធ្លាប់ពញ្ញាក់ដល់​ឧត្តមសេនីយ៍​របស់លោកនៅពេលដែលលោកប្រកាសថានឹងដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរីនៅខែធ្នូដោយ​មូលហេតុថា មានកម្លាំងសហរដ្ឋអាមេរិកចំនួន២,០០០នាក់អាចកម្ចាត់ក្រុម IS បាន។ ក្នុងរយៈពេល​ប៉ុន្មានសប្តាហ៍បន្ទាប់ពីមានការប្រកាសរួច លោក ត្រាំ លេបសម្តីវិញដោយលើកឡើងនៅក្នុងខែមីនាថា កងទ័ពសហរដ្ឋអាមេរិកចំនួន៤០០នាក់នឹងបន្តនៅក្នុងប្រទេសស៊ីរីដោយគ្មានរយៈពេលកំណត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here