ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩
គេជឿថាការផ្ទុះគ្រាប់បែកចំនួន៦គ្រាប់ជាលទ្ធផលនៃការបំផ្ទុះគ្រាប់បែកដោយកំណត់ពេល។ យោងតាមប្រភព Bangkokpost បង្ហាញថាគ្រាប់បែកចំនួន៣គ្រាប់ត្រូវគេបង្កប់ក្បែរវិមានរដ្ឋាភិបាល ឆៀងវឌ្ឍនា ហើយមានមួយគ្រាប់មិនផ្ទុះនោះទេ។ ចំណែកឯគ្រាប់បែកផ្ទុះនៅតំបន់ចុងនុនស៊ី ចំនួន២គ្រាប់ជាគ្រាប់ដែលគេកំណត់ម៉ោងឱ្យផ្ទុះ។ គ្រាប់ “ping-pong bomb” ផ្ទុះនៅតំបន់ សួនហ្លួង។ ការផ្ទុះនេះបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣នាក់រងរបួសក្នុងទីក្រុងបាងកកនៅថ្ងៃសុក្រ។ គ្រាប់បែកសរុបមានចំនួន៦គ្រាប់ផ្ទុះនៅក្នុងទីក្រុង ខណៈដែលរដ្ឋធានីថៃរៀបចំសន្និសីទសន្តិសុខមួយដែលមានវត្តមានរដ្ឋមន្រ្តីការបរទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសមភាគីរបស់ពួកគេមកពីមហាអំណាចពិភពលោករួមមានវត្តមាន សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី។ យោងតាមប្រភពមន្រ្តីប៉ូលិសបញ្ជាក់ឲ្យដឹងថា គ្រឿងផ្ទុះមួយទៀតត្រូវគេដោះបានមុនពេលវាផ្ទុះឡើង។ សន្តិសុខម្នាក់ និងអ្នកបោសសំអាតតាមដងផ្លូវចំនួន២នាក់រងរបួសដោយសារការបំផ្ទុះនោះ ហើយស្ថានភាពរបស់ពួកគេមិនធ្ងន់ធ្ងរទេ។ នៅថ្ងៃព្រហស្បតិ៍ប៉ូលិសថៃរកឃើញគ្រាប់បែកក្លែងក្លាយ២គ្រាប់នៅជិតទីកន្លែងប្រជុំសន្តិសុខ។ មន្ត្រីនិយាយថា បុរស២នាក់ត្រូវគេចាប់ខ្លួនពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនេះ៕
