ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩
យោធាអ៊ីស្លាម៉ាបាដនិយាយថា ពួកគេត្រៀមខ្លួនរួចរាល់ដើម្បីគាំទ្រដល់ការតស៊ូរបស់ប្រជាជននៅ ក្នុង តំបន់ជម្លោះកាស្មៀរក្រោយពីប្រធានាធិបតីឥណ្ឌាលោក រ៉ាម ណាត កូវីន ចុះហត្ថលេខាលើក្រឹត្យមួយដកហូតសិទ្ធិគ្រប់គ្រងពិសេសនៅតំបន់នោះ។ នៅថ្ងៃច័ន្ទរដ្ឋាភិបាលឥណ្ឌា ដឹកនាំដោយនាយករដ្ឋមន្រ្តីលោក ណារិនដ្រា ម៉ូឌី បញ្ចប់ការគ្រប់គ្រងដោយខ្លួនឯងអស់រយៈពេលជាច្រើនទសវត្សនៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។ ការសម្រេចចិត្តផ្ទុះឡើងដោយប្រទេសប៉ាគីស្ថានចាត់ទុកតំបន់កាស្មៀរទាំងមូលជាទឹកដីរបស់ខ្លួន។ នាយសេនាធិការកងទ័ពលោក ខ្វាម៉ា ជេវ ប៉ាវ៉ា មានប្រសាសន៍ថា យោធានឹងមិនទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ឥណ្ឌាដើម្បីកាន់កាប់តំបន់កាស្មៀរក្នុងភាពស្របច្បាប់ឡើយ។ ផ្នែកខ្លះរបស់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាគឺមានរដ្ឋចាមមូ និងកាស្មៀរ ហៅកាត់ថា (J&K)។ ឋានៈពិសេសរបស់រដ្ឋនោះត្រូវបានចែងក្នុងមាត្រាទី៣៧០ នៃរដ្ឋធម្មនុញ្ញឥណ្ឌា។ បច្ចុប្បន្ន J&K ទទួលបាន សិទ្ធកំរិតខ្ពស់លើកិច្ចការចាត់ចែងក្នុងស្រុក ហើយមានតែពលរដ្ឋដែលមានការទទួលស្គាល់ប៉ុណ្ណោះទើបអាចទិញដីនៅទីនោះ។ គណបក្ស Bharatiya Janata (BJP) ដែលកំពុងកាន់អំណាចនិយាយថា ការដក J&K ចេញពីឋានៈពិសេសនឹងអនុញ្ញាតឱ្យមានការរួមបញ្ចូលគ្នាកាន់តែប្រសើរជាមួយប្រទេសឥណ្ឌា។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក អាមីត សាហ៍ មានប្រសាសន៍ថា ការបំបាត់ស្វ័យភាពនោះនឹងជួយកម្ចាត់ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ផងដែរ។ ខណៈដែលមានភាពភ័យខ្លាចចំពោះអំពើហិង្សា មានការរឹតត្បិតក្នុងការធ្វើដំណើរ និងការហាមឃាត់មិនឱ្យមានការប្រមូលផ្តុំនៅផ្នែកខ្លះនៅតំបន់កាស្មៀរដែលឥណ្ឌាកាន់កាប់។ មានរបាយការណ៍បង្ហាញពីការកើនឡើងនូវវត្តមានរបស់ប៉ូលិស និងកងកំលាំងសន្តិសុខជាច្រើន៕