ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩
មនុស្សម្នាក់ត្រូវគេបាញ់សម្លាប់អំឡុងពេលមានជម្លោះក្នុងពិធីថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យនៅវិហារសាសនាគ្រឹស្ទនៅតំបន់រីបលី រដ្ឋមីស៊ីស៊ីពី។ យោងតាមប្រភពសារព័ត៌មាន Tippahnews.com បង្ហាញអោយដឹងថាលោក គៀត ប៉ូឡុក មានតួនាទីជាមន្រ្តីក្នុងមូលដ្ឋាននៅ Tippah County ចូលរួមក្នុងពិធីនោះ។ នៅពេលបុរសម្នាក់ដើរទៅជិតគាត់ និងទាញកាំបិតចេញមក ជាកត្តាបង្ខំឲ្យគាត់ដកអាវុធ និងបាញ់ទៅលើអ្នកវាយប្រហារ។ ប្រភពប៉ូលិសបានឱ្យដឹងថា ផេទ្រីក សេនដឺ មានអាយុ៥៧ ឆ្នាំ ត្រូវគេប្រកាសថាស្លាប់ ខណៈពេលដែលលោក ប៉ូឡុក ត្រូវគេដឹកយកទៅមន្ទីពេទ្យដែលមានរបួសស្រាល។ យោងតាមរបាយការណ៍បង្ហាញថា សេនដឺគឺជាកូនប្រសាររបស់អ្នកអធិប្បាយហើយបុរសទាំងពីរជាសមាជិករបស់ក្រុមជំនុំតែមួយ។ អាជ្ញាធរមិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពីឧប្បត្តិហេតុនេះនៅឡើយទេ៕
