ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩
ប្រទេសអ៊ីរ៉ាក់បានបដិសេធកាលពីថ្ងៃអាទិត្យនេះពីរបាយការណ៍មួយដែលចេញផ្សាយដោយមន្ទីរបញ្ចកោណកាលពីសប្តាហ៍មុនអំពីវត្តមានរបស់យុទ្ធជនរដ្ឋអ៊ីស្លាមចំនួន១៤,០០០នាក់នៅតាមព្រំដែនរបស់ប្រទេសអ៊ីរាក់និងស៊ីរី។ តួលេខដែលប្រកាសដោយមន្ទីរបញ្ចកោណគឺជាការបំផ្លើសយ៉ាងខ្លាំង។ អ្នកនាំពាក្យបញ្ជាការដ្ឋានប្រតិបត្តិការចំរុះ លោកឧត្តមសេនីយ៍ Yahya Rasool បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថាចំនួនសមាជិក IS នៅតាមព្រំដែនអ៊ីរ៉ាក់-ស៊ីរីត្រូវបានប៉ាន់ប្រមាណថាមានចំនួនត្រឹមរាប់សិបនាក់។ លោក Rasool បានចង្អុលបង្ហាញថាថ្មីៗនេះប្រតិបត្តិការនេះឈានដល់ដំណាក់កាលទី៣ ដោយទទួលបានជោគជ័យក្នុងការបំផ្លាញកន្លែងលាក់ខ្លួនរបស់ពួក IS ជាច្រើននៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ គួររំលឹកថាកាលពីសប្តាហ៍មុនមន្ទីរបញ្ចកោណបានអះអាងថាក្រុម IS រក្សាបានសមាជិករហូតដល់ទៅ១៤,០០០នាក់ ទៅ១៨,០០០នាក់ក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីក្នុងនោះមានជនបរទេសរហូតដល់ទៅ៣,០០០នាក់។ របាយការណ៍បានព្រមានថាក្រុមនេះនៅតែព្យាយាមជ្រើសរើសអ្នកប្រយុទ្ធថ្មីនៅក្នុងប្រទេសទាំងពីរនេះ។ របាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខបាននិយាយថាក្រុមនេះមានសមត្ថភាពដឹកនាំថវិកាដើម្បីគាំទ្រដល់សកម្មភាពភេរវកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងនៅបរទេសដោយប្រើប្រាស់សេវាកម្មអាជីវកម្មផ្ទេរប្រាក់ក្រៅផ្លូវការ៕