ប្រភពព័ត៌មានពី Reuters ផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩
អ្នកស៊ើបអង្កេតអាមេរិកម្នាក់ស្តីបន្ទោសបារាំងនៅថ្ងៃច័ន្ទចំពោះតួនាទីរបស់ខ្លួនក្នុងការផ្ទេរក្រុមជនសង្ស័យជីហាដចំនួន៧នាក់ពីប្រទេសស៊ីរីទៅអ៊ីរ៉ាក់ ប៉ុន្តែទីក្រុងប៉ារីសបដិសេធលើបញ្ហារបស់ខ្លួនដូចដែលការរំពឹងទុក។ អ្នកស៊ើបអង្កេតលើការកាត់ទោសក្រៅប្រព័ន្ធតុលាការលោកស្រី អាណែស កាឡាម៉ាដ មានប្រសាសន៍ថាជនជាតិបារាំងទាំង៧នាក់ត្រូវកម្លាំងឃឺដចាប់ខ្លួន ហើយបញ្ជូនទៅប្រទេសអ៊ីរ៉ាក់ក្នុងខែកុម្ភៈតាមសំណើរបស់រដ្ឋាភិបាលបារាំង ឬតាមរយៈការសង្ស័យលើក្រុមនោះ។ លោកស្រី កាឡាម៉ាដ បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីរងការធ្វើទារុណកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ ឥឡូវនេះពួកគេកំពុងរង់ចាំការប្រហារជីវិតពីបទភេរវកម្ម។ លោកស្រីមានប្រសាសន៍ថា “ខ្ញុំរងការរំខានជាពិសេសចំពោះការចោទប្រកាន់ថាប្រទេសបារាំងអាចមានតួនាទីក្នុងការផ្ទេរនោះ ដោយសារតែហានិភ័យពាក់ព័ន្ធនឹងការធ្វើទារុណកម្ម និងការកាត់ក្តីអយុត្តិធម៌ហើយពួកគេអាចនឹងប្រឈមនឹងទោសប្រហារជីវិត”។ ប្រទេសបារាំង(ជាប្រទេសដែលប្រឆាំងនឹងការកាត់ទោសប្រហារជីវិត) និយាយថា អ្នកស៊ើបអង្កេតអាមេរិកមិនបានពិនិត្យជាមួយអាជ្ញាធរបារាំងតាមតម្រូវការទេ។ ក្រសួងការបរទេសបន្ថែមទៀតថា “ការចោទប្រកាន់នោះពុំមាននិរន្តរភាពទេ ដោយវាគឺជាការស្មាន ហើយកាត់ក្តីតាមការគិតរបស់ខ្លួនតែប៉ុណ្ណោះ”។ ក្រសួងបញ្ជាក់ជាថ្មីពីគោលជំហររបស់រដ្ឋាភិបាលថា ពលរដ្ឋដែលចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាម (IS) ដែលប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់គួរតែកាត់ទោសនៅជិតកន្លែងប្រព្រឹត្តឧក្រិដ្ឋកម្ម។ លោកបន្ថែមថា “អាជ្ញាធរអ៊ីរ៉ាក់ដឹងថា ប្រទេសបារាំងប្រឆាំងនឹងការកាត់ទោសប្រហារជីវិតនៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈទាំងអស់ ហើយបារាំងស្នើសុំឱ្យកាត់ទោសកុំឲ្យប្រហារជីវិត”។ សរុបទៅជនជាប់ចោទជីហាដបារាំងចំនួន ១១នាក់ស្ថិតក្នុងការកាត់ទោសប្រហារជីវិតនៅប្រទេសអ៊ីរ៉ាក់។ ក្រុងបាដាដកំពុងធ្វើការកាត់ទោសអ្នកប្រយុទ្ធ IS ដែលជាប់សង្ស័យចំនួនរាប់ពាន់នាក់ ហើយក្នុងនោះមានជនបរទេសរាប់រយនាក់ ដោយពួកគេភាគច្រើនត្រូវបានចាប់ខ្លួននៅពេលដែលបន្ទាយរបស់ក្រុមនោះបាក់បែក។ ក្រុមនោះប្រកាសខ្លួនជាក្រុមអ៊ីស្លាមនិកាយស៊ុននី អ៊ីស្លាមរ៉ាឌីកាល់ជ្រុលនិយម ដែលលាតសន្ធឹងនៅផ្នែកខ្លះនៃប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរីក្នុងឆ្នាំ២០១៤៕
