ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩
ក្រសួងការពារជាតិទួរគីនិយាយនៅថ្ងៃពុធថា យន្តហោះគ្មានមនុស្សបើក របស់ប្រទេសទួរគីចាប់ផ្តើមប្រតិបត្តិការនៅភាគខាងជើងប្រទេសស៊ីរីជាកន្លែងដែលសហរដ្ឋអាមេរិក និងក្រុងអង់ការ៉ាព្រមព្រៀងបង្កើតតំបន់សុវត្ថិភាព។ គណៈប្រតិភូសហរដ្ឋអាមេរិកចំនួន៦នាក់ ទៅដល់ភាគខាងត្បូងខេត្តសានល័រហ្វានៃប្រទេសទួរគីនៅថ្ងៃច័ន្ទដើម្បីធ្វើការងារលើការបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការ។ ក្រសួងការពារជាតិទួរគីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធថា ការងារកំពុងបន្តដើម្បីបង្កើតមជ្ឈមណ្ឌលរួមគ្នានៅក្នុងប្រតិបត្តិការខេត្តសានល័រហ្វា។ ប្រភពបន្តថាយន្តហោះគ្មានមនុស្សបើករបស់ប្រទេសទួរគីចាប់ផ្តើមបំពេញការងារនៅក្នុងតំបន់សុវត្ថិភាព ដោយមិនផ្តល់ព័ត៌មានអំពីប្រតិបត្តិការរបស់យន្តហោះគ្មានមនុស្សបើកនោះទេ៕
