ទីក្រុងប៉េកាំងបដិសេធសំណើរសុំធ្វើទស្សនកិច្ចរបស់នាវាចម្បាំងអាមេរិកនៅកំពង់ផែហុងកុង

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩

ប្រទេសចិនច្រានចោលសំណើរបស់កងនាវាអាមេរិកដែលស្នើឲ្យកប៉ាល់ចំនួនពីរគ្រៀងចូលចតនៅ​ផែហុងកុងស្របពេលកំពុងមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងទីក្រុងនោះ។ មេបញ្ជាការ​លោក ណាត គ្រីស្តថេនសេន អ្នកនាំពាក្យរបស់កងនាវាប៉ាស៊ីហ្វិក​មានប្រសាសន៍នៅថ្ងៃអង្គារថា ប្រទេស​ចិន​បដិសេធលើសំណើសុំចូលទស្សនកិច្ចកំពង់ផែទីក្រុងហុងកុងរបស់នាវាដឹកមីស៊ីល USS Lake Erie និងនាវាដឹកទំនិញ USS Green Bay របស់សហរដ្ឋអាមេរិក។ លោក គ្រីស្ទសេន ពុំបានបញ្ជាក់ពី​មូលហេតុ​ដែលទីក្រុងប៉េកាំងច្រានចោលសំណើរនោះទេហើយលោកគ្រាន់តែរំពឹងថា​សំណើរចូល​ទស្សនៈកិច្ច​នៅកំពង់ផែនោះនឹងបន្តមាននាពេលអនាគត។ បញ្ហានោះកើតឡើងចំពេល​មានបាតុកម្ម​ប្រឆាំងនឹងរដ្ឋាភិបាលទ្រង់ទ្រាយធំនៅទីក្រុង ដែលបាតុកម្មកើតឡើងអស់រយៈពេល ១០សប្តាហ៍​ជាប់ៗ​គ្នារួចមកហើយ និងឈានដល់ការប៉ះទង្គិចជាមួយប៉ូលិស។ ការប្រមូលផ្តុំគ្នានេះកើតឡើងដោយ​ការព្យួរ​កិច្ចការ​ធ្វើបត្យាប័នបណ្តោះអាសន្ន ហើយក្រោយមកបាតុកម្មកើនឡើងដោយមានការទាមទារ​បន្ថែមឱ្យ​មានកំណែទម្រង់នយោបាយឱ្យកាន់តែទូលំទូលាយ។ ក្រុមមន្រ្តីនៅទីក្រុងប៉េកាំងសន្យាឆ្លើយតបយ៉ាង​ឆាប់​រហ័ស​ចំពោះកុបកម្ម និងអំពើហិង្សានៅហុងកុង។ ពួកគេសង្កត់ធ្ងន់ថា ប្រទេសចិននឹងមិនអនុញ្ញាត​ឱ្យ​អំណាចបរទេសណាមួយលើកទឹកចិត្តដល់ក្រុមអ្នកតវ៉ាឱ្យបំពានច្បាប់ឡើយ។ អ្នកនយោបាយ​អាមេរិក​ខ្លះដូចជាប្រធានសភាតំណាងរាស្ត្រលោក ណានស៊ីប៉ូឡូស៊ី និងមេដឹកនាំទទួលបានការគាំទ្រ​ភាគច្រើននៃព្រឹទ្ធសភាលោក ម៊ីជ ម៉ាកខូនណេល សំដែងការគាំទ្រចំពោះការតវ៉ានោះ។ អ្នកនាំពាក្យ​ក្រសួងការបរទេសចិនលោក ហួឈុន យីងមានប្រសាសន៍ថា ពាក្យសម្តីរបស់ពួកគេគឺជាភស្តុតាង​ដ៏មាន​ឥទ្ធិពលបង្ហាញពីការចូលរួមរបស់ប្រទេសពួកគេនៅក្នុងភាពចលាចលនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here