ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩
ប្រព័ន្ធផ្សព្វផ្សាយឃឺដនិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថាក្រុមគ្រួសាររាប់សិបបានភៀសខ្លួនចេញពីទីក្រុងមួយក្នុងតំបន់ឃឺដអ៊ីរ៉ាក់ដោយពួកគេមានអារម្មណ៍រងការគំរាមកំហែងពីសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងតំបន់នេះ។ សារព័ត៌មាន Rudaw របស់ឃឺដបាននិយាយថាយ៉ាងហោចណាស់មាន៥០គ្រួសារបានភៀសខ្លួនចេញពីទីក្រុង Daqouq ខេត្ត Kirkuk ដោយសារមានការភ័យខ្លាចថាទីកន្លែងនេះគឺជាការកំណត់គោលដៅថាមានក្រុមជ្រុលនិយមខណៈមនុស្ស១៥នាក់រួមទាំងមន្រ្តីប៉ូលិស២នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារបស់ពួកសកម្មប្រយុទ្ធ។ សារព័ត៌មាននេះបានដកស្រង់សម្តីរបស់លោក Wasta Rasoul មេដឹកនាំជាន់ខ្ពស់កងកម្លាំង Peshmerga ដែលនិយាយថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមកំពុងប្រើប្រាស់កន្លែងខ្វះចន្លោះសុវត្ថភាពរវាងទីតាំងរបស់កម្លាំង Peshmerga និងកងកម្លាំងរបស់រដ្ឋាភិបាលអ៊ីរ៉ាក់។ លោកបានផ្តល់អនុសាសន៍ឱ្យបង្កើតកម្លាំងរួមគ្នារវាងកម្លាំងដ្ឋាភិបាលសហព័ន្ធ និងរដ្ឋាភិបាលក្នុងតំបន់ដើម្បីដោះស្រាយបញ្ហាសន្តិសុខនៅតាមទីតាំងទាំងនោះ។ សំណូមពរឱ្យបង្កើតកម្លាំងចម្រុះនេះបានពិភាក្សាដោយមន្រ្តីការពារជាតិមកពីទីក្រុងបាដាដ និងទីក្រុង Erbil ប៉ុន្តែហាក់ដូចជាគ្នានប្រយោជន៍ទេ។ គួររំលឹកថាប្រទេសអ៊ីរ៉ាក់បានប្រកាសកាលពីចុងឆ្នាំ២០១៧ថាប្រទេសរបស់ខ្លួនបានកាន់កាប់ឡើងវិញលើទឹកដីទាំងអស់ដែលគ្រប់គ្រងដោយក្រុមជ្រុលនិយម IS ប៉ុន្តែក្រុមតូចៗដែលនៅសេសសល់នៅតែបន្តបង្កការគំរាមកំហែងលើផ្នែកសន្តិសុខនៅតំបន់មួយចំនួន៕









