
ប្រភពព័ត៌មាន TASS ផ្សាយថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩
ក្រសួងការពារជាតិទួរគីនិយាយនៅថ្ងៃច័ន្ទនេះថាជនស៊ីវិល៣នាក់ត្រូវគេសម្លាប់ និង១២នាក់ផ្សេងទៀតរងរបួសពីការវាយប្រហារលើក្បួនយោធារបស់ប្រទេសទួរគីនៅខេត្តអ៊ីដលីបក្នុងប្រទេសស៊ីរី។ យោងតាមប្រភពក្រសួងបន្ថែមឱ្យដឹងថា ក្បួនរថយន្តត្រូវគេបញ្ជូនទៅកាន់ស្ថានីយ៍សង្កេតនៅខេត្តអ៊ីដលីបក្នុងរយៈពេលប៉ុន្មានម៉ោងនៅថ្ងៃច័ន្ទដើម្បីធានាសន្តិសុខនៅតាមបណ្តោយផ្លូវ និងនៅទីតាំងដើម្បីការពារមិនឱ្យមានជនស៊ីវិលស្លាប់ និងកាត់បន្ថយភាពតានតឹងរវាងភាគីជម្លោះ។ ប្រភពក្រសួងបន្តថាពួកគេជូនដំណឹងដល់រុស្ស៊ីអំពីក្បួនរថយន្តជាមុន។ ក្រសួងលើកឡើងថា “យើងសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារនោះ ដែលធ្វើឡើងដោយរបបរបស់ប្រធានាធិបតី (បាសាអាសាដស៊ីរី) បំពានលើកិច្ចព្រមព្រៀង និងកិច្ចព្រមព្រៀងរបស់យើងជាមួយប្រទេសរុស្ស៊ី។ យើងសូមរក្សាសិទ្ធិអធិបតេយ្យភាពក្នុងកិច្ចការពារ ហើយរំពឹងថានឹងចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីការពារឧប្បត្តិហេតុបែបនេះ។” យោងតាមបណ្តាញទូរទស្សន៍ NTV របស់ប្រទេសទួរគីផ្សាយថាក្បួនរថពាសដែកទួរគីត្រូវគេបញ្ជូនពីស្ថានីយ៍អង្កេតលេខ៧ ក្នុងខេត្តអ៊ីដលីបដើម្បីពង្រឹងស្ថានីយ៍សង្កេតលេខ៩ដែលស្ថិតនៅចំកណ្តាលការវាយលុករបស់កងទ័ពរដ្ឋាភិបាលស៊ីរី។ ការវាយប្រហារនោះធ្វើឡើងដោយកងទ័ពរដ្ឋាភិបាលលើក្បួនរថយន្ត។ ក្បួនរថយន្តក៏បញ្ឈប់ដំណើរដើម្បីការពារមិនឱ្យមានការបាត់បង់ និងមានដ្រូនជាច្រើនត្រូវគេបញ្ជូនទៅកន្លែងកើតហេតុ៕









