ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩
ភ្នាក់ងារព័ត៌មានអាមេរិកដកស្រង់សម្តីមន្ត្រីសហរដ្ឋអាមេរិក២នាក់ថា យន្តហោះគ្មានមនុស្សបើក MQ-៩ របស់យោធាអាមេរិកត្រូវកម្លាំងហ៊ូទីបាញ់ទម្លាក់នៅរដ្ឋដាម៉ានៃប្រទេសយេម៉ែននៅភាគអាគ្នេយ៍នៃរដ្ឋធានីសាណាដែលគ្រប់គ្រងដោយក្រុមហ៊ូទី។ មន្ត្រីទាំងនោះបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកនោះត្រូវគេបាញ់ទម្លាក់នៅល្ងាចថ្ងៃអង្គារ។ ចំណែកឯទូរទស្សន៍ Al-Masirah ដកស្រង់សម្តីអ្នកនាំពាក្យយោធាហ៊ូទីថា ប្រព័ន្ធការពារដែនអាកាសរបស់ពួកគេបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក។ គួររំលឹកផងដែរថានៅខែមិថុនា យោធាអាមេរិកមាននិយាយថា ក្រុមឧទ្ទាមហ៊ូទីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយរដ្ឋាភិបាលអាមេរិកដោយមានជំនួយពីអ៊ីរ៉ង់។ ពេលខ្លះកម្លាំងអាមេរិកបើកយន្តហោះគ្មានមនុស្សបើក និងធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមអាល់កៃដានៅយេម៉ែនក្នុងឧបទ្វីបអារ៉ាប់ (AQAP)៕