ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩
ក្រុមយោធាប៉ារ៉ារបស់អ៊ីរ៉ាក់កាលពីថ្ងៃពុធនេះបានស្តីបន្ទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចំពោះការផ្ទុះជាបន្តបន្ទាប់នៅឃ្លាំងអាវុធ និងមូលដ្ឋានទ័ពរបស់ពួកគេ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលទទួលបានដោយការសែត Ahram របស់អេហ្ស៊ីបបានឱ្យដឹងថាកងកំលាំងចលនានិយម(PMF) និយាយថាសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យយន្តហោះគ្មានមនុស្សបើកអ៊ីស្រាអែល៤គ្រឿងចូលក្នុងតំបន់នេះដែលអមដំណើរដោយកងកម្លាំងសហរដ្ឋអាមេរិក ដើម្បីបំពេញបេសកកម្មនៅលើទឹកដីអ៊ីរ៉ាក់។ យើងប្រកាសថាអង្គភាពដំបូង និងចុងក្រោយដែលទទួលខុសត្រូវចំពោះហេតុការណ៍ដែលបានកើតឡើងនេះគឺកងកំលាំងអាមេរិក ហើយពួកយើងនឹងធ្វើឱ្យពួកគេទទួលខុសត្រូវនូវអ្វីដែលបានកើតឡើងចាប់ពីថ្ងៃនេះតទៅ។ សេចក្តីថ្លែងការណ៍របស់កងកម្លាំងចលនានិយមបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីការផ្ទុះជាច្រើនដងដោយបានវាយប្រហារទីតាំងមួយដែលកាន់កាប់ដោយកងកម្លាំងចលនានិយមស្ថិតនៅជិតមូលដ្ឋានអាកាស Balad ប្រហែល៨០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងបាដាដ។ គួររំលឹកថាកាលពីសប្តាហ៍មុនក៏មានហេតុការណ៍ផ្ទុះនៅក្នុងឃ្លាំងអាវុធមួយកន្លែងដែលគ្រប់គ្រងដោយក្រុមមួយបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរងរបួស២៩នាក់ផ្សេងទៀត។ ហេតុការណ៍នេះប៉ូលិសសន្មតថាបណ្តាលមកពីការទុកដាក់មិនបានល្អ និងសីតុណ្ហភាពខ្ពស់ ប៉ុន្តែការស៊ើបអង្កេតរបស់រដ្ឋាភិបាលកំពុងដំណើរការនៅឡើយ។ ចំនែកឯលោកនាយករដ្ឋមន្រ្តី Adel Abdul Mahdi កាលពីសប្តាហ៍មុនក៏បានបញ្ជាឱ្យរាល់គ្រាប់រំសេវដែលជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធឬក្រុមប្រដាប់អាវុធផ្សេងៗត្រូវធ្វើការរើចេញយកទៅក្រៅទីក្រុង៕
