ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩
ទីភ្នាក់ងារព័ត៌មាន AP ដកស្រង់សំដីពីប៉ូលិសកាស្មៀរថាមនុស្សប្រមាណជា២,៣០០នាក់ដែលភាគច្រើនជាយុវជនដែលត្រូវឃុំខ្លួននៅកាស្មៀរដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា បន្ទាប់ពីទីក្រុងញូវដេលីចាត់វិធានការបោសសម្អាតទៅលើតំបន់ជម្លោះនេះ។ យោងតាមមន្រ្តីប៉ូលិសឲ្យដឹងថា អ្នកដែលត្រូវបានចាប់ខ្លួនរួមមានអ្នកតវ៉ាប្រឆាំងនឹងប្រទេសឥណ្ឌាក៏ដូចជាមេដឹកនាំឥណ្ឌាកាស្មៀរដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ និងកន្លែងដទៃទៀតផងដែរ។ កងទ័ពឥណ្ឌារាប់ពាន់នាក់បន្ថែមទៀតត្រូវបញ្ជូនទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យនៅជ្រលងភ្នំកាស្មៀរដែលជាតំបន់មួយដែលមានយោធាច្រើនបំផុតនៅលើពិភពលោក។ ការប្រាស្រ័យទាក់ទងតាមទូរស័ព្ទការគ្របដណ្តប់លើទូរស័ព្ទចល័ត សេវាអ៊ិនធឺណែត និងទូរទស្សន៍ខ្សែកាបត្រូវកាត់ផ្តាច់សម្រាប់ជ្រលងភ្នំមួយនេះដែលមានចំនួនប្រជាជនដល់ទៅ ៧លាននាក់។ ការប្រាស្រ័យទាក់ទងមួយចំនួនត្រូវស្តារឡើងវិញនៅកន្លែងមួយចំនួនផងដែរ។ អ្នករស់នៅកាស្មៀរធ្វើបាតុកម្ម និងប៉ះទង្គិចជាមួយប៉ូលិសចាប់តាំងពីការបង្ក្រាបមួយដែលមានរបាយការណ៍ថាមនុស្សប្រហែល៣០០នាក់ធ្វើបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងរបស់ប្រទេសឥណ្ឌាលើតំបន់នេះ។ ឥណ្ឌាបដិសេធការរំលោភសិទ្ធិមនុស្សនៅកាស្មៀរផងដែរ៕
