ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩
តុលាការប្រទេសកាណាដាបានចេញដីកាជំនុំជម្រះរឿងក្ដីថ្មីមួយលើបុរស២នាក់ ត្រូវទទួលការកាត់ទោសពីបទភេរវកម្មលើគម្រោងវាយប្រហាររថភ្លើង ដែលធ្វើដំណើរពីទីក្រុងញូវយ៉កទៅទីក្រុងតូរ៉ុនតូ។ លោក Raed Jaser និងលោក Chiheb Esseghaier ត្រូវបានអាជ្ញាធរកាណាដាចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០១៣។ ពួកគេត្រូវបានរកឃើញថាមានពិរុទ្ធកាលពីឆ្នាំ ២០១៥ ពីបទចោទប្រកាន់រួមទាំងការផ្សំគំនិតនៅក្នុងអំពើឃាតកម្ម ដើម្បីផលប្រយោជន៍ដល់ក្រុមភេរវករទៀតផង។ ហើយការផ្តន្ទាទោសទាំងនេះ ពេលនេះត្រូវច្រានចោលវិញ ដោយសារតែ “កំហុស” របស់ចៅក្រមជំនុំនៅក្នុងពេលជម្រះ។ កាលពីថ្ងៃអង្គារ ចៅក្រមសាលាឧទ្ធរណ៍ Ontario បានចេញសេចក្តីសម្រេចដឹកនាំការជំនុំជម្រះថ្មីមួយសម្រាប់អ្នកទាំង២នាក់ ដោយលើកហេតុផល គណៈវិនិច្ឆ័យនៅក្នុងការជំនុំជម្រះត្រូវបានជ្រើសរើសមិនត្រឹមត្រូវ។ លោក Raed Jaser វ័យ៤១ឆ្នាំជនជាតិប៉ាឡេស្ទីន មកពីទីក្រុងតូរ៉ុនតូ និងលោក Esseghaier វ័យ៣៦ឆ្នាំ ជាជនជាតិទុយនីស៊ីមកពីទីក្រុងម៉ុងត្រេអាល់ បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោស និងការផ្តន្ទាទោសកាលពីខែកុម្ភៈផងដែរ។ ពួកគេបានលើកឡើងអំពីកំហុសមួយចំនួន ហើយក៏ការបដិសេធសំណើបានធ្វើទាក់ទងជាមួយនឹងការជ្រើសរើសគណៈវិនិច្ឆ័យផងដែរ។ អ្នកទាំង២នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានប្រតិបត្តិការឃ្លាំមើលរួមគ្នាមួយដោយភ្នាក់ងារ Royal Canadian Mounted Police និងភ្នាក់ងារ FBI មកពីសហរដ្ឋអាមេរិក។ ពួកគេត្រូវបានគេចោទប្រកាន់ថាបានចំណាយពេលជាច្រើនខែដើម្បីសម្លាប់មនុស្សជាច្រើនតាមដែលអាចធ្វើ នៅតាមលើផ្លូវរថភ្លើងដឹកអ្នកដំណើរតាមផ្លូវដែក VIA។ យោងតាមក្រុមមន្រ្តីសហរដ្ឋអាមេរិកបាននិយាយថា ការវាយប្រហារនេះនឹងមានគោលដៅទៅលើផ្លូវដែកមួយខ្សែរវាងទីក្រុងញូវយ៉ក និងទីក្រុងតូរ៉ុនតូ ដែលជាផ្លូវដែលធ្វើដំណើរតាមជ្រលងភ្នំហូដសាន់និងចូលប្រទេសកាណាដាក្បែរទឹកធ្លាក់នីហ្គារ៉ា។ ក្រុមហ៊ុន VIA Rail ប្រតិបត្តិការសេវាកម្មផ្លូវដែកអ្នកដំណើរឆ្លងកាត់ប្រទេសកាណាដា និងដឹកអ្នកដំណើរជិត៤លាននាក់ជារៀងរាល់ឆ្នាំ។ សូមបញ្ជាក់ថា ក្នុងពេលជំនុំជម្រះជាលើកដំបូង រដ្ឋអាជ្ញាបានចោទប្រកាន់ថាលោក Raed Jaser និងលោក Chiheb Esseghaier ត្រូវបានជម្រុញដោយក្រុមអ៊ីស្លាមភាពជ្រុលនិយម និងពួកគេទាំង២នាក់ ក៏ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត គ្មានការដោះលែងបណ្តោះអាសន្នរហូតរហូតដល់ឆ្នាំ២០២៣៕
