ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩
កងទ័ពលីបង់និយាយថា ពួកគេបាញ់យន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ីស្រាអែលដែលបំពានដែនអាកាសនៅជិតព្រំដែនខាងត្បូង។ ហេតុការណ៍នោះកើតឡើងក្រោយមានការធ្លាក់យន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ីស្រាអែលចំនួនពីរនៅក្រុងបេរ៉ូត ដោយនាយករដ្ឋមន្រ្តីចាត់ទុកហេតុការណ៍នោះជាការវាយប្រហារដោយបើកចំហលើអធិបតេយ្យភាព។ កងទ័ពនិយាយថា ពួកគេបាញ់យន្ដហោះនៅរសៀលថ្ងៃពុធ ហើយប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា វាកើតឡើងនៅជិតព្រំដែនអាល់អាដាសា។ យន្តហោះគ្មានមនុស្សបើកមួយគូដំបូងត្រូវគេប្រទះឃើញស្ថិតនៅលើដែនអាកាសលីបង់ ក្រោយពីកងទ័ពបាញ់ទម្លាក់មួយរួច ហើយគេមើលឃើញដ្រូនទីបីមួយទៀតនៅរយៈពេលមិនដល់មួយម៉ោងផង។ ក្រោយមក ដ្រូននោះវិលត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញក្រោយពីគេបណ្តេញវាចេញ។ អ្នកនាំពាក្យរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែលបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញសង្គមធ្វីតធឺថាដ្រូនត្រូវគេបាញ់ ប៉ុន្តែឈប់និយាយថា ដ្រូនទាំងនោះហោះចូលដែនអាកាសលីបង់។ យន្តហោះដ្រូនអត្តឃាតរបស់អ៊ីស្រាអែល២គ្រឿងធ្លាក់នៅក្បែររដ្ឋធានីលីបង់នៅថ្ងៃអាទិត្យដែលទំនងជាប៉ុនប៉ងវាយប្រហារទីតាំងហេសបូឡា។ យន្តហោះគ្មានមនុស្សបើកមួយគ្រឿងទទួលបរាជ័យក្នុងការបំផ្ទុះខណៈដ្រូនមួយផ្សេងទៀតបំផ្លាញស្នាក់ការសារព័ត៌មានរបស់ក្រុមសកម្មប្រយុទ្ធ។ នាយករដ្ឋមន្រ្តី លោក សាដ ហារ៉ីរ៉ី ធ្វើការថ្កោលទោសចំពោះការលុកលុយរបស់ដ្រូនថា ជាការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ និងការប៉ុនប៉ងបង្កើនភាពតានតឹង ប៉ុន្តែលោកបន្ថែមទៀតថា យាន្តហោះគ្មានមនុស្សបើកមិនត្រូវបានបាញ់ទម្លាក់ដោយកម្លាំងលីបង់ឡើយ៕