ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩
មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់និយាយថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៩នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ៍នេះក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងភេរវកម្មមួយស្ថិតនៅក្នុងទីក្រុងម៉ូស៊ូល។ លោកឧត្តមសេនីយ៍ Yahia Rasool អ្នកនាំពាក្យនៃបញ្ជាការប្រតិបត្តិការចម្រុះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាកងកំលាំងស៊ើបការណ៍សហការជាមួយបញ្ជាការប្រតិបត្តិការខេត្ត Nineveh បានសម្លាប់ភេរវករ IS ៩នាក់ដែលកំពុងលាក់ខ្លួននៅខាងក្នុងរូងភ្នំមួយកន្លែងស្ថិតនៅក្នុងភូមិ al-Sahaji ភាគនិរតីនៃទីក្រុងម៉ូស៊ូល។ ប្រតិបត្តិការនេះមានការគាំទ្រដោយយន្តហោះចម្បាំងរបស់កម្លាំងចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក។ គួររំលឹកថាប្រទេសអ៊ីរ៉ាក់បានប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីអ៊ីស្លាមកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ជាមួយនឹងការកាន់កាប់ឡើងវិញលើទីក្រុង Rawa ដែលជាទីក្រុងមួយស្ថិតនៅលើព្រំដែនភាគខាងលិចរបស់ខេត្ត Anbar និងព្រំដែនស៊ីរីដែលជាបន្ទាយចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។ IS បានប្រកាសរដ្ឋអ៊ីស្លាមដោយខ្លួនឯងនៅក្នុងទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ក្រោយមកក៏មានយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក និងកងកម្លាំងយោធាប៉ារ៉ាបានចាប់ផ្តើមវាយប្រហារកាលពីឆ្នាំ២០១៦ ដើម្បីធ្វើការកាន់កាប់លើតំបន់ទាំងឡាយដែលបានគ្រប់គ្រងដោយពួក IS និងធ្វើការកាន់កាប់ឡើងវិញទាំងអស់លើទីជម្រកទាំងឡាយរបស់ពួក IS ដែលភាគច្រើនស្ថិតនៅក្នុងទីក្រុងម៉ូស៊ូល ដែលជាទីក្រុងដែលក្រុមនេះធ្លាប់បានប្រកាសបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេកាលពីពេលកន្លងមក៕
