ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩
ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍ថានាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក អ៊ីមរ៉ាន់ ខាន់ និយាយនៅថ្ងៃពុធនេះថា លោកនឹងជំរុញប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសប្តាហ៍ក្រោយដើម្បីស្តារកិច្ចចរចាសន្តិភាពអាហ្វហ្គានីស្ថានឡើងវិញជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់។ លោក ត្រាំ លុបចោលការពិភាក្សាសម្ងាត់ជាមួយក្រុមតាលីបង់ភ្លាមៗដែលបានគ្រោងទុកសម្រាប់ថ្ងៃទី៨ ខែកញ្ញាផងដែរ។ លោក ខាន់ និយាយនៅក្នុងពិធីមួយនៅ Torkham ព្រំដែនប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានថា “វានឹងក្លាយជាសោកនាដកម្មដ៏ធំមួយប្រសិនបើកិច្ចពិភាក្សាទាំងនេះមិនឈានទៅមុខ” ។ លោក ខាន់ នឹងជួបលោក ត្រាំ នៅញូវយ៉កនៅថ្ងៃច័ន្ទហើយនឹងសង្កត់ធ្ងន់ថា វាមាន “ការបំផ្លាញ និងភាពវឹកវរនៅក្នុងប្រទេសអាហ្វហ្គានីស្ថានអស់រយៈពេល៤០ឆ្នាំមកហើយ”។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា “យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីឱ្យកិច្ចពិភាក្សាទាំងនេះចាប់ផ្តើមម្តងទៀត” ។ លោក ខាន់ គ្រោងនឹងថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅញូវយ៉កផងដែរ។ លោកបន្ថែមថា វាគ្មាន “ឱកាសនៃការជជែក” ជាមួយប្រទេសឥណ្ឌាអំពីការគាបសង្កត់របស់ខ្លួនលើទឹកដីដែលមានជម្លោះនៅកាស្មៀររហូតដល់ប្រទេសនេះបានដកបម្រាមគោចរសម្រាប់ប្រជាជននៅទីនោះ៕