ទីភ្នាក់ងារសារព័ត៌មាន Anadolu និយាយនៅថ្ងៃអង្គារនេះថា អាជ្ញាធររបស់ប្រទេសតួកគីបញ្ជាឲ្យឃុំខ្លួនបុគ្គលិកយោធាចំនួន ១៣៣ នាក់ពីបទសង្ស័យទាក់ទងទៅនឹងបណ្តាញមួយដែលក្រុងអង់ការ៉ាចោទប្រកាន់ពីបទរៀបចំប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងឆ្នាំ ២០១៦ ។
របាយការណ៍នេះនិយាយថា ជនសង្ស័យជាច្រើនកំពុងត្រូវស្វែងរកនៅក្នុងប្រតិបត្តិការមួយដែលមានគោលដៅទៅខេត្តឆ្នេរសមុទ្រភាគខាងលិចនៃតំបន់ Izmir នេះ។ របាយការណ៍នេះបន្ថែមថា មនុស្ស ៨២ នាក់ក្នុងចំណោមពួកគេកំពុងបម្រើការងារជាសមាជិកក្នុងជួរយោធា។
ទីក្រុងអង់ការ៉ាស្តីបន្ទោសបព្វជិតមូស្លីមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឈ្មោះ Fethullah Gulen ដែលរស់នៅនិរទេសខ្លួននៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៩៩ ពីបទធ្វើជាមេក្លោងក្នុងការធ្វើឱ្យបរាជ័យកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៦ នេះ។
រ៉យទ័រនិយាយថានៅក្នុងការបោសសំអាតរយៈពេល ៣ ឆ្នាំ ចាប់តាំងពីការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ មនុស្សជាង ៧៧.០០០ នាក់ត្រូវជាប់ពន្ធនាគារដែលត្រូវការរង់ចាំការជំនុំជម្រះ ហើយមន្ត្រីស៊ីវិល បុគ្គលិកយោធា និងមនុស្ជាច្រើនទៀតប្រហែលជា ១៥០.០០០ នាក់ត្រូវបណ្តេញចេញ ឬបញ្ឈប់ពីការងាររបស់ពួកគេ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩