ការតវ៉ាប្រឆាំងនឹងផែនការកែទម្រង់ប្រាក់សោធននិវត្តន៍ក្នុងប្រទេសបារាំងឈានដល់ការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិសនៅក្នុងទីក្រុងប៉ារីស។ ក្រុមអ្នកតវ៉ាគប់គ្រាប់បែកផ្សែងដាក់ប៉ូលិសខណៈដែលក្រុមមន្រ្តីឆ្លើយតបដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងដំបង។ មនុស្សចំនួនច្រើនជាង៣៥ម៉ឺននាក់ធ្វើដំណើរតាមដងផ្លូវនៅក្នុងរដ្ឋធានីប្រទេសបារាំងនៅថ្ងៃអង្គារដើម្បីប្រឆាំងនឹងការធ្វើកំណែទម្រង់ប្រាក់សោធន នេះបើយោងតាមតួលេខពីសហជីពពាណិជ្ជកម្ម CGT ។ ប៉ូលិសកំណត់ថា បាតុករក្នុងក្រុងប៉ារីសមានចំនួន ៧៦.០០០នាក់ និងចំនួន ៦១៥.០០០នាក់ដើរដង្ហែរក្បួននៅទូទាំងប្រទេស។ ការធ្វើបាតុកម្មឡើងកម្តៅបណ្តាលឱ្យមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងអ្នកអនុវត្តច្បាប់។ រូបភាពពីកន្លែងកើតហេតុបង្ហាញថា ហ្វូងមនុស្សស្ថិតនៅក្នុងចំហាយឧស្ម័នបង្ហូរទឹកភ្នែកក្រាស់ៗ ហើយប៉ូលិសបង្ក្រាបកុបកម្មប្រើដំបងលើក្រុមបាតុករម្តងហើយម្តងទៀត។ ប៉ូលិសប្រាប់ភ្នាក់ងារ BFMTV ថា យ៉ាងហោចណាស់មនុស្សចំនួន ២៧នាក់ត្រូវគេចាប់ឃុំខ្លួនក្នុងទីក្រុងប៉ារីស និងមានមន្ត្រីម្នាក់រងរបួស។
អស់រយៈពេលជិតពីរសប្តាហ៍ ប្រទេសបារាំងប្រឈមជាមួយនឹងការតវ៉ា និងការធ្វើកូដកម្មប្រឆាំងនឹងការផ្លាស់ប្តូរប្រព័ន្ធប្រាក់សោធន។ រដ្ឋាភិបាលរបស់លោកអេម៉ានុយអែលម៉ាក្រុងអះអាងថា កំណែទម្រង់ ផែនការសោធនចំនួន ៤០បញ្ចូលគ្នាទៅក្នុងផែនការតែមួយរៀបចំឡើងដើម្បីសម្រួលដល់ប្រព័ន្ធប្រាក់សោធននិវត្តន៍ឱ្យកាន់តែមានតម្លាភាព។ ទោះយ៉ាងណាសហជីពអះអាងថា ច្បាប់នេះមានលក្ខណៈច្របូកច្របល់ហើយកេងប្រវ័ញ្ចលើកម្លាំងកម្មករ។ ទោះបីជាមានការតវ៉ាក៏ដោយ រដ្ឋាភិបាលបារាំងលើកឡើងនៅសប្តាហ៍មុនថា ពួកគេនឹងនៅតែបន្តធ្វើកំណែទម្រង់នេះ។ ការអត្ថាធិប្បាយរបស់រដ្ឋាភិបាលបង្កឱ្យមានប្រតិកម្មខឹងសម្បារពីសហជីព។ ការដើរក្បួនប្រឆាំងកំណែទម្រង់ប្រាក់សោធនត្រូវបានរំខានដោយមានការវាយតបតនៅទីតាំងផ្សេងទៀតនៅទូទាំងប្រទេសបារាំង។ ស្ថានការណ៍ឡើងកម្តៅជាពិសេសនៅភាគ ពាយ័ព្យនៃទីក្រុងរិន(Rennes)។ រូបភាពពីកន្លែងកើតហេតុបង្ហាញថា ប៉ូលិសរារាំងដល់ក្រុម បាតុករ និងក្រោយមកប្រើឧស្ម័នបង្ហូរទឹកភ្នែកយ៉ាងច្រើន៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩