ការផ្ទុះមួយកើតឡើងនៅពាក់កណ្តាលនៃការធ្វើសមយុទ្ធយោធាបញ្ចប់នៅភាគខាងត្បូងប្រទេសយេម៉ែនកាលពីថ្ងៃអាទិត្យដែលបណ្តាលឱ្យមនុស្សជាច្រើននាក់បានស្លាប់និងរងរបួស។ កម្លាំងសន្តិសុខក្នុងតំបន់និយាយថាគ្រឿងផ្ទុះមួយនៅជិតវេទិកាភ្ញៀវមួយនៅពេលដែលកងទាហានបានដើរក្បួននៅភាគខាងត្បូងនៃទីក្រុង Al-Dhalea ប្រទេសយេម៉ែនកាលពីថ្ងៃអាទិត្យនេះ។
យ៉ាងហោចណាស់មានមនុស្ស ៩ នាក់ត្រូវគេរាយការណ៍ថាស្លាប់ និង ៣០ នាក់ទៀតរងរបួស នេះបើយោងតាមការដកស្រង់សម្តីរបស់ Sky News Arabia ។ រហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខអះអាងចំពោះការវាយប្រហារនេះនៅឡើយទេ។ ទន្ទឹមនឹងនេះផងដែរ រូបភាព និងវីដេអូជាច្រើនក៏បង្ហាញពីលទ្ធផលនៃការផ្ទុះនេះដែលត្រូវចែកចាយនៅលើបណ្តាញសង្គម។
កាលពីដើមឆ្នាំនេះ ឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងនៅឯកំពង់ផែ Aden ដែលក្រុមឧទ្ទាម Houthi បានបាញ់មីស៊ីលនៅឯជំរុំយោធាយេម៉ែនដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៩ នាក់។ ក្នុងចំណោមអ្នកដែលត្រូវសម្លាប់រួមមានឧត្តមសេនីយ៍ទោ Muneer al-Yafee ដែលជាឥស្សរជនយោធាឈានមុខគេនៅភាគខាងត្បូងយេម៉ែនផងដែរ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩