លោកអាលី អាប៉េហ្សាដេស(Ali Abedzadeh) ប្រធានអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់មានប្រសាសន៍នៅថ្ងៃសុក្រថា លោកជឿជាក់ណាស់ថា យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនមួយគ្រឿងដែលធ្លាក់នៅខាងក្រៅទីក្រុងតេរ៉ានក្នុងសប្តាហ៍នេះមិនរងការវាយប្រហារពីមីស៊ីលអ៊ីរ៉ង់នោះទេ។ លោកប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងតេរ៉ានថា “រឿងនេះពិតប្រាកដណាស់ដែលថា យន្តហោះនោះមិនរងការវាយប្រហារពីម៉ីស៊ីលអ៊ីរ៉ង់។” លោកមានប្រសាសន៍បែបនេះក្រោយពីចក្រភពអង់គ្លេស និងប្រទេសកាណាដានិយាយថា ប្រភពស៊ើបការណ៍សម្ងាត់ប្រាប់ថា អ៊ីរ៉ង់ជាអ្នកបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ។
ប្រទេសបារាំងនិយាយនៅថ្ងៃសុក្រថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងកិច្ចការស៊ើបអង្កេតការធ្លាក់យន្ដហោះ ដែលសម្លាប់មនុស្សទាំងអស់ចំនួន១៧៦នាក់។ ប្រភពបន្ថែមថា ប្រទេសអ៊ុយក្រែននិយាយថា មិនអាចធ្វើការសន្និដ្ឋានថាជាការវាយប្រហារមីស៊ីល ប៉ុន្តែហេតុការណ៍នោះមិនទាន់ត្រូវបានគេបញ្ជាក់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១០ ខែមករា ឆ្នាំ២០២០









