ឧត្តមស្នងការសិទ្ធិមនុស្សអ៊ីរ៉ាក់បានបង្ហាញកាលពីថ្ងៃពុធនេះថាក្រុមបាតុករ១០នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល២៤ ម៉ោង។ លោក Ali Bayati សមាជិកនៃគណៈកម្មការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាបាតុករសរុបចំនួន១៥៩នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកំលាំងសន្តិសុខក្នុងអំឡុងពេលដូចគ្នានេះ។ យោងតាមគណៈកម្មការសិទ្ធិមនុស្សអ្នកតវ៉ាជាង៥០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីដើមខែតុលាខណៈដែលមនុស្សជាង២ម៉ឺននាក់ផ្សេងទៀតរងរបួស។ ក្នុងពេលជាមួយគ្នានេះនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសអ៊ីរ៉ាក់លោក Adil Abdul Mahdi បានរិះគន់កាលពីថ្ងៃអង្គារនេះថាគណបក្សនយោបាយមានការបរាជ័យចំពោះការសម្រេចចិត្តលើនាយករដ្ឋមន្រ្តីថ្មីសម្រាប់ប្រទេសនេះបើទោះបីជាការផុតកំណត់នៃពេលវេលាកំណត់របស់ក្រុមបាតុករកាលពីប៉ុន្មានសប្តាហ៍កន្លងទៅក៏ដោយ។

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២២ ខែមករា ឆ្នាំ២០២០









