ទ័ពស៊ីរីធ្វើវាយប្រហារប្រឆាំងនឹងក្រុមភេរវករនៅក្នុងខេត្តអ៊ីដលីបមិនមែនលើជនស៊ីវិលទេ។ នេះជាការលើកឡើងរបស់វិមានក្រឹមឡាំងក្រោយពីប្រទេសទួរគីគំរាមក្រុងដាម៉ាសជាមួយនឹងសកម្មភាពយោធា ដោយចោទប្រកាន់ក្រុងដាម៉ាសជាអ្នកបាញ់ផ្លោងលើទាហានទួរគី។អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងលោកម៉ីតទ្រី ផេសកូវ (Dmitry Peskov) ប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃពុធថា ប្រទេសទូរគីទទួលបរាជ័យក្នុងការបោសសំអាតក្រុមជីហាដនិយមក្នុងតំបន់បន្ថយជម្លោះនៅខេត្តអ៊ីដលីបក្នុងប្រទេសស៊ីរី បើទោះបីជាទួរគីធ្លាប់សន្យាថានឹងធ្វើនៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ២០១៨ ដែលសម្រេចបានដោយក្រុងម៉ូស្គូ និងក្រុងអានការ៉ាក៏ដោយ។លោកអឺដូហ្គានមានប្រសាសន៍ថា“ ក្រុមទាំងនេះនៅតែវាយប្រហារទៅលើកងទ័ពស៊ីរីចេញពីខេត្តអ៊ីដលីប និងដូចជាកំពុងធ្វើសកម្មភាពគឃ្លើនប្រឆាំងនឹងទីតាំងយោធារបស់យើង” ។ លោកចោទប្រកាន់កងទ័ពស៊ីរីថា បានបាញ់ផ្លោងលើទាហានទួរគី និងធ្វើការបំផ្ទុះគ្រាប់បែកនៅក្នុងភូមិនានា។ នៅថ្ងៃពុធ លោកគំរាមថា នឹងវាយប្រហារលើកម្លាំងរដ្ឋាភិបាលស៊ីរីនៅក្នុងខេត្តអ៊ីដលីប និងអនុវត្តលើសពីនេះទៀតប្រសិនបើកងទ័ពទួរគីរងគ្រោះថ្នាក់។អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងបដិសេធថា ក្រុងដាម៉ាសមិនមានចេតនាវាយប្រហារលើ នរណាម្នាក់នោះទេ ដោយពួកគេកំណត់គោលដៅលើតែក្រុមសកម្មប្រយុទ្ធប៉ុណ្ណោះ ។ លោក ផេសកូវមានប្រសាសន៍ថា “ការវាយប្រហាររបស់កងទ័ពស៊ីរីនៅក្នុងខេត្តអ៊ីដលីប គឺជាការវាយប្រហារប្រឆាំងនឹងភេរវករ មិនមែនជាសកម្មភាពប្រឆាំងនឹងជនស៊ីវិលទេ” ។ចំពោះការបាញ់ផ្លោងលើកម្លាំងទួរគី ទីក្រុងមូស្គូអះអាងថា ឧប្បត្តិហេតុនោះកើតឡើងដោយសារតែទីក្រុងអានការ៉ាមិនបានជូនដំណឹងដល់យោធាស៊ីរីឱ្យបានត្រឹមត្រូវអំពីចលនាកងទ័ពរបស់ទួរគី៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០









