ភ្នាក់ងារសារព័ត៌មានដកស្រង់សម្តីសាក្សីថា កម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសោឌីដែលកំពុងប្រយុទ្ធជាមួយក្រុម Houthi នៅក្នុងប្រទេសយេម៉ែន បានធ្វើការវាយប្រហារតាមអាកាសជាច្រើននៅថ្ងៃចន្ទលើរដ្ឋធានីសាណា។ អ្នកស្រុកនិយាយថា គេលឺការផ្ទុះយ៉ាងខ្លាំងនៅទូរទាំងទីក្រុង។ កម្លាំងចម្រុះនិយាយថា ប្រតិបត្តិការនេះមានគោលបំណងបំផ្លាញគោលដៅយោធាស្របច្បាប់រួមមានទាំងក្រុមHouthiដែលគំរាមកំហែងដល់ជីវិតជន
ស៊ីវិល។របំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងសាណាគឺកម្រកើតមានណាស់ចាប់តាំងពីខែកញ្ញាមក នៅពេលដែលប្រទេសអារ៉ាប៊ីសោឌីបានបើកកិច្ចពិភាក្សាដោយប្រយោលជាមួយចលនា Houthi ដែលគ្រប់គ្រងទីក្រុងសាណា និងគ្រប់គ្រងតំបន់ភាគច្រើននៅភាគខាងជើងប្រទេសយេម៉ែន។ ភាគីជម្លោះបានស្វាគមន៍ចំពោះការអំពាវនាវរបស់អង្គការសហប្រជាជាតិដែលសុំឱ្យមានបទឈប់បាញ់ជាបន្ទាន់ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅថ្ងៃព្រហស្បតិ៍។ទោះយ៉ាងណា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតែបន្តកើតមាននៅខេត្ត al-Jawf និង Marib ចាប់តាំងពីខែមុន ខណៈដែលកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសោឌីបន្តធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងទីប្រជុំជន និងភូមិជាច្រើន៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០









