លោកពូទីនសួរលោកត្រាំថាតើលោកត្រូវការជំនួយឬទេបើត្រូវការលោកជួយ

0

វិមានក្រឹមឡាំងនិយាយថា យន្តហោះដឹកទំនិញដែលផ្ទុកគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត និងឧបករណ៍ការពារអាចនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅល្ងាចថ្ងៃអង្គារ ក្រោយពីមានការជជែកតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីន។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះថា បញ្ហាខ្វះខាតឧបករណ៍ការពារត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទនៅថ្ងៃចន្ទដោយលោកពូទីនចោទសួរថា សហរដ្ឋអាមេរិកត្រូវការជំនួយទេ ហើយលោក Trump ព្រមទទួលយក ឬយ៉ាងណាដែរ។

លោក Peskov មានប្រសាសន៍ថា រដ្ឋាភិបាលក្រុងមូស្គូស្នើសុំផ្តល់ជំនួយនេះ ដោយរំពឹងទុកជាមុនថា សហរដ្ឋអាមេរិកនឹងឆ្លើយតប ដោយក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ការពាររបស់រុស្ស៊ីមានគ្រប់សម្រាប់ឆ្លើយតាមតបទៅនឹងតម្រូវការ។ លោកបន្ថែមថា ស្ថានភាពបច្ចុប្បន្នបានជះឥទ្ធិពលដល់មនុស្សគ្រប់គ្នាដោយគ្មានការលើកលែង និងមានលក្ខណៈជាសាកល ។

នៅថ្ងៃចន្ទ លោក Trump ប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសន្និសីទសារព័ត៌មានខ្លីនៅសេតវិមានថា “ប្រទេសរុស្ស៊ីបានបញ្ជូនឱ្យយើងនូវឧបករណ៍វេជ្ជសាស្ត្រដែលមានទំហំធំទូលាយបំផុត ដែលទាំងនោះជាឧបករណ៍វេជ្ជសាស្ត្រពិតជាល្អណាស់” ។ ការអត្ថាធិប្បាយបានធ្វើឱ្យមនុស្សគ្រប់គ្នាអេះក្បាល ដោយសារតែគ្មាននរណាម្នាក់នៅសហរដ្ឋអាមេរិកដឹង ថាមានយន្ដហោះដឹកសម្ភារៈវេជ្ជសាស្ត្រទៅដល់អាមេរិកនោះទេ។  វាហាក់ដូចជាប្រធានាធិបតី

អាមេរិកបាននិយាយអំពីជំនួយដោយសំដៅដល់ការជជែកគ្នាតាមទូរស័ព្ទ ដែលលោកមានប្រសាន៍ក្នុងសេចក្តីថ្លែងការណ៍ដូចជាជំនួយនោះបានដឹកជញ្ចូនរួចហើយចឹង។

លោក Peskov បន្ទោសភាគីអាមេរិកថា មិនបានចូលរួមក្នុងការដោះស្រាយបញ្ហាបច្ចេកទេសភ្លាមៗទាក់ទងនឹងការបញ្ជូនសម្ភារៈវេជ្ជសាស្ត្រ ដែលបានព្រមព្រៀងគ្នា ដោយចេះតែពន្យារពេល។

ទិន្នន័យផ្លូវការបង្ហាញថា សហរដ្ឋអាមេរិកស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតពីការរាតត្បាតនៃវីរុសកូវីដ-១៩ ដោយមានករណីឆ្លងជិត ១៧៥ ០០០ករណី និងមានអ្នកស្លាប់ចំនួន ៣ ៤១៦ នាក់គិតត្រឹមរសៀលថ្ងៃអង្គារ។ ចំនួននេះបានវ៉ាដាច់ប្រទេសចិន ដែលជាកន្លែងឆ្លងរាលដាលដំបូងគេនៅខែធ្នូ។ លើសពីនេះ ប្រទេសអ៊ីតាលីនៅតែមានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោកគឺកើនដល់ចំនួន ១២ ៤២៨ នាក់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here