ប្រទេសប៉ាគីស្ថាន៖ ប្រភពសន្តិសុខបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញាថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ ៨នាក់ ក្នុងអំឡុងពេលប្រតិបត្តិការផ្អែកលើព័ត៌មានស៊ើបការណ៍នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ បើតាមប្រភពដដែលបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅក្នុងស្រុកវ៉ារ៉ីស្ថានខាងជើង ដែលជាកន្លែងកងកម្លាំងបានបំផ្លាញទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករ។
ប្រភពបានឲ្យដឹងថា អាវុធជាច្រើនដើម គ្រឿងផ្ទុះ និងសម្ភារៈផ្សេងទៀត ត្រូវបានរកឃើញ និងរឹបអូសពីទីតាំងលាក់ខ្លួនទាំងនោះបន្ទាប់ពីប្រតិបត្តិការ។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយសារព័ត៌មានរបស់យោធាកាលពីថ្ងៃពុធ បានឱ្យដឹងថា ប្រតិបត្តិការចុងក្រោយនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីកងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ក្រុមភេរវករ ១៦នាក់ ក្នុងប្រតិបត្តិការដាច់ដោយឡែកពីគ្នានៅខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន។
កាលពីពេលថ្មីៗនេះ ខេត្តខាយប័រ ផាកថុនវ៉ា(KB) និងខេត្តបាឡូជីស្ថាន (Balochistan) របស់ប៉ាគីស្ថានបានប្រឈមមុខនឹងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធជាបន្តបន្ទាប់ ខណៈដែលកងកម្លាំងសន្តិសុខបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ និងក្រុមប្រដាប់អាវុធ ដើម្បីការពារមិនឱ្យមានអំពើរភេរវកម្មនៅក្នុងប្រទេស៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦










