Thursday, October 8, 2026

កងទ័ពនីហ្សេរីយ៉ាសម្លាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមអាហ្វ្រិកខាងលិច ២៥នាក់  

0

ប្រទេសនីហ្សេរីយ៉ា៖ កងទ័ពនីហ្សេរីយ៉ាបានសម្លាប់សមាជិកដែលសង្ស័យថា ជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមអាហ្វ្រិកខាងលិច (ISWAP) ២៥នាក់ ខណៈកំពុងទប់ស្កាត់ការវាយប្រហារមកពីគោលដៅជាច្រើនក្នុងពេលតែមួយលើកងកម្លាំងពិសេសនៅរដ្ឋប័រណូ (Borno) ភាគឦសានប្រទេស កាលពីថ្ងៃអង្គារ ទី០៦ ខែតុលា នេះបើយោងតាមប្រភពកងទ័ពបានឲ្យដឹងនៅថ្ងៃពុធ ទី០៧ ខែតុលា។

លោក មូហាមេដ ហ្គូនី (Mohammed Goni) អ្នកនាំពាក្យរបស់កងកម្លាំងចម្រុះដែលដឹកនាំដោយយោធាសម្រាប់ប្រតិបត្តិការហាឌីន កាយ (Hadin Kai) នៅភាគឦសានប្រទេសនីហ្សេរីយ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមភេរវករដែលសង្ស័យថាជាសមាជិកក្រុម ISWAP បានវាយប្រហារលើកងទ័ពនៃកងកម្លាំងពិសេស១០១ ចេញពីទិសដៅចំនួន ៤ នៅតំបន់គូកាវ៉ា (Kukawa)  នៃរដ្ឋប័រណូ ប៉ុន្តែបានជួបការតស៊ូគ្នាយ៉ាងខ្លាំងពីកងទ័ព ​។

 លោកហ្គូ នី (Goni) បាននិយាយថា ដោយមានការគាំទ្រពីកងកម្លាំងអាកាស កងទ័ពលើគោកបានឆ្លើយតបដោយប្រើកាំភ្លើងទំនើប និងប្រើយុទ្ធសាស្រ្តដែលមានការរៀបចំទុកបង្ខំឲ្យពួកភេរវកររត់ភៀសខ្លួន។ ដោយយោងតាមបាយការណ៍ប្រតិបត្តិការ លោកបាននិយាយថា សាកសព ១៤នាក់ដែលសង្ស័យថាជាសមាជិករបស់ក្រុមភេរវករត្រូវបានប្រមូលយកភ្លាមៗ បន្ទាប់ពីការប្រយុទ្ធគ្នា ខណៈដែលការវាយតម្លៃបឋមបានបង្ហាញថា មានមនុស្សជាង ២៥នាក់ត្រូវបានសម្លាប់។

លោកបានបន្ថែមថា ប្រតិបត្តិការផ្សេងទៀតកំពុងដំណើរការដើម្បីស្វែងរកអាវុធ និងតាមដានក្រុមភេរវករដែលកំពុងរត់គេចខ្លួន ដើម្បីការពារពួកគេមិនឱ្យប្រមូលកម្លាំងឡើងវិញ។ កងទ័ពនីហ្សេរីយ៉ាបាននិយាយថា ខ្លូននឹងបន្តប្រតិបត្តិការប្រឆាំងនឹងក្រុមភេរវករ ដើម្បីកាត់បន្ថយសមត្ថភាពប្រតិបត្តិការរបស់ពួកគេ និងធ្វើឲ្យចុះខ្សោយនូវសមត្ថភាពក្នុងការជ្រើសរើសសមាជិកថ្មី ចែកចាយការឃោសនា និងសម្របសម្រួលការវាយប្រហារនានា៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here