ហ្កាហ្សា៖ ជនជាតិប៉ាឡេស្ទីន ៣នាក់ ក្នុងនោះមានក្មេងម្នាក់បានស្លាប់កាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ក្នុងការវាយប្រហារតាមអាកាស និងបាញ់ប្រហាររបស់អ៊ីស្រាអែលនៅទូរទាំងតំបន់ហ្កាហ្សាស្ទ្រីប នេះបើយោងតាមប្រភពសន្តិសុខប៉ាឡេស្ទីន និងអាជ្ញាធរសុខាភិបាល។ ប្រភពសន្តិសុខបានប្រាប់អ្នកយកព័ត៌មានថា ដ្រូនរបស់អ៊ីស្រាអែលបានបាញ់មីស៊ីលយ៉ាងហោចណាស់មួយគ្រាប់ទៅលើដំបូលទីជម្រកមួយកន្លែង នៅក្នុងតំបន់ហ្ស៊ីតុន ភាគអាគ្នេយ៍នៃទីក្រុងហ្កាហ្សា។ ប្រភពពីគ្រូពេទ្យនៅមន្ទីពេទ្យអាល អាហលី បាបធីស បាននិយាយថា ការវាយប្រហារនេះបានបណ្ដាលឲ្យមនុស្ស ២នាក់ រួមទាំងក្មេងម្នាក់ស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួស។
មន្ទីពេទ្យណាសៀរ (Nasser) បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប ជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែល នៅខាងក្រៅតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល ក្នុងទីក្រុងខានយូនីស។ អាជ្ញាធរសុខាភិបាលហ្កាហ្សាបានរាយការណ៍កាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ថា ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាននៅក្នុងខែតុលា ឆ្នាំ២០២៥ មក ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ១.៦១៤នាក់ និង ៥.៨៤៩នាក់ផ្សេងទៀតរងរបួស។ តួលេខនេះធ្វើឲ្យ ចំនួនអ្នកស្លាប់សរុបចាប់តាំងពីមានជម្លោះនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ កើនដល់ ៧៤.៦៤៥នាក់ និងអ្នករងរបួសកើនដល់ ១៧៥.៩៧៨នាក់៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦










