ប្រទេសប៉ាគីស្ថាន៖ ប្រភពយោធាបានបញ្ជាក់កាលពីថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ទាហាន ២នាក់ និងភេរវករ ១៦នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេត នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការនៅតំបន់ជាច្រើនក្នុងស្រុកវ៉ារ៉ីស្ថានខាងជើង បន្ទាប់ពីទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់អំពីទីតាំងរបស់ក្រុមសកម្មប្រយុទ្ធ ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ ១២នាក់ ត្រូវបានសម្លាប់ក្នុងការបាញ់គ្នានៅក្នុងតំបន់អាលី ខែល (Ali Khel) ខណៈដែលក្រុមសកម្មប្រយុទ្ធ ២នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងតំបន់មៀ អាលី (Mir Ali) និងតំបន់ដាថា ខែល (Datta Khel) ជាបន្តបន្ទាប់។ អាវុធ និងគ្រាប់រំសេវជាច្រើនក៏ត្រូវបានរឹបអូសពីក្រុមសកម្មប្រយុទ្ធទាំងនោះផងដែរ។ បើតាមការបញ្ជាក់ពី ISPR បានឱ្យដឹងថា ទាហាន ២នាក់ក៏បានស្លាប់ក្នុងអំឡុងពេលប្រតិបត្តិការនេះផងដែរ។ ខាងយោធាបានបញ្ជាក់ឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធទាំងនោះមានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម រួមទាំងការវាយប្រហារជាច្រើនលើជនស៊ីវិលផងដែរ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦










