តំបន់ហ្កាហ្សា៖ កងពលតូចអាល់ កាហ្ស៊ីម (Al-Qassam) ដែលជាសាខារបស់ចលនាតស៊ូរដ្ឋអ៊ីស្លាម (Hamas) បានបញ្ជាក់កាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ថា មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ខ្លួនបានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងពលតូចនេះបានបង្ហាញពីកាន់ទុក្ខចំពោះលោក សាមៀមាហមោដ អាប៊ុ យូនីស (Samir Mahmoud Abu Younis) អាយុ ៥៣ឆ្នាំ ដែលជាសមាជិកក្រុមប្រឹក្សាយោធារបស់ក្រុមហាម៉ាស និងជាមេបញ្ជាការរបស់កងពលតូចរ៉ាហ្វាហ (Rafah) ដោយបញ្ជាក់ថា លោកបានស្លាប់នៅវេលាយប់ថ្ងៃសៅរ៍ ឆ្លងចូលថ្ងៃអាទិត្យ ក្នុងអ្វីដែលក្រុមនេះបានពិពណ៌នាថាជា “ការធ្វើឃាត” ។
បើយោងតាមសេចក្តីថ្លែងការណ៍ លោក អាប៊ុ យូនីស (Abu Younis) គឺជាសមាជិកជំនាន់ទី១ របស់កងពលតូចអាល់ កាហ្ស៊ីម (Al-Qassam) ដែលបានចូលរួមជាមួយក្រុមនេះតាំងពីឆ្នាំ១៩៩១មក។ លោកធ្លាប់ជាប់គុកនៅក្នុងពន្ធនាគារអ៊ីស្រាអែលផងដែរ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា លោក អាប៊ុ យូនីស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំផែនការ និងត្រួតពិនិត្យការវាយប្រហារកាលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។ ជាមួយគ្នានេះ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ត្រឹមពេលតែមួយយប់ថ្ងៃសៅរ៍ កងកម្លាំង IDF និងកម្លាំង ISA បានធ្វើការវាយប្រហារនៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប និងបានសម្លាប់លោក សាមៀរ មាហមោដ ហាសសាន (Samir Mahmoud Hassan) ជាមេបញ្ជាការកងពលតូចរ៉ាហ្វាហ (Rafah) ដែលជាសាខារបស់យោធាហាម៉ាស”។
កងទ័ពអ៊ីស្រាអែលបានបន្ថែមថា លោក អាប៊ុ យូនីស “បានបញ្ជាឱ្យសមាជិកប្រដាប់អាវុធរបស់កងពលរបស់ខ្លួន ឈានទៅមុខ និងធ្វើការវាយប្រហារភេរវកម្មលើជនស៊ីវិលអ៊ីស្រាអែល និងកងទ័ពអ៊ីស្រាអែល។ លើសពីនេះ លោកបានធ្វើការស្តារឡើងវិញនូវសមត្ថភាពកម្លាំងរបស់កងពល និងអង្គការហាម៉ាស ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពេញមួយសង្គ្រាម”។ មុននេះ ប្រភពព័ត៌មានក្នុងតំបន់ និងប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីនបានឱ្យដឹងថា លោក អាប៊ូ យូនីស បានស្លាប់ក្នុងការវាយប្រហារតាមអាកាសមួយ ដែលបានកំណត់គោលដៅលើតង់មួយនៅតំបន់អាល់ម៉ាវ៉ាស៊ី (al-Mawasi) ភាគខាងលិចទីក្រុងខាន់ យូនីស (Khan Younis)៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦










