ប្រទេសអារ៉ាប៊ីសាអូឌីត៖ កម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅប្រទេសយ៉េមែន បានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកាថា កងកម្លាំងរបស់ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលរយៈចម្ងាយឆ្ងាយចំនួន ២គ្រាប់ និងដ្រូនចំនួន ៣គ្រឿង ដែលមានគោលដៅវាយប្រហារលើទីក្រុងរ៉ីយ៉ាដ (Riyadh) និងតំបន់ភាគខាងកើតប្រទេសអារ៉ាប៊ីសាអូឌីត។ បើយោងតាមសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយអ្នកនាំពាក្យកម្លាំងចម្រុះនៅលើបណ្តាញសង្គមអ៊ីក្សបានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញគ្រាប់មីស៊ីលចម្ងាយឆ្ងាយ ២គ្រាប់ ដែលបាញ់ដោយក្រុមហ៊ូធី (Houthi) ទៅកាន់ទីក្រុងរ៉ីយ៉ាដ (Riyadh)។
ប្រជាពលរដ្ឋនៅក្នុងរដ្ឋធានីរបស់អារ៉ាប៊ីសាអូឌីត បានឮសំឡេងផ្ទុះនៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា និងមានសារជូនដំណឹងអំពីហេតុការណ៍នេះជាច្រើនតាមទូរស័ព្ទដៃ។ នៅក្នុងសេចក្តីថ្លែងការណ៍ចំនួន ៣ដាច់ដោយឡែកពីគ្នា កម្លាំងចម្រុះបានឲ្យដឹងថា ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញដ្រូនចំនួន ៣គ្រឿងនៅលើដែនអាកាសនៃតំបន់ភាគខាងកើតរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ កម្លាំងចម្រុះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីទីតាំងដែលរងការកំណត់គោលដៅនោះទេ ហើយក៏មិនបានបញ្ជាក់ថា ការវាយប្រហារទាំងនេះបានបណ្តាលឱ្យមានអ្នកស្លាប់ របួស ឬមានការខូចខាតទ្រព្យសម្បត្តិនោះទេ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦










