ប្រទេសឥណ្ឌូនេស៊ី៖ យោងតាមការបញ្ជាក់របស់ប៉ូលិសកាលថ្ងៃពុធ ទី១៨ ខែវិច្ឆិកា បានឲ្យដឹងថា ប៉ូលិសឥណ្ឌូនេស៊ីបានចាប់ខ្លួនជនសង្ស័យជាភេរវករចំនួន ១៥នាក់ នៅក្នុងប្រតិបត្តិការជាបន្តបន្ទាប់នៅទូទាំងខេត្តចំនួន ៦ ដោយផ្ដោតលើបណ្តាញដែលមានទំនាក់ទំនងជាមួយ អង្គការជ្រុលនិយមមួយចំនួន។ អ្នកនាំពាក្យកងកម្លាំងពិសេសប្រឆាំងភេរវកម្ម (Detachment 88) លោក ម៉េនដ្រា អេកា វ៉ាដហាណា (Mayndra Eka Wardhana) បានឲ្យដឹងថា ការចាប់ខ្លួនទាំងនេះត្រូវបានធ្វើឡើង ចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា នៅក្នុងខេត្តអាសេហ (Aceh) ខេត្តស៊ូម៉ាត្រាខាងលិច(Sumatra) ខេត្តរីអូ (Riau) តំបន់ចាវ៉ាខាងលិច តំបន់ចាវ៉ាកណ្តាល (Java) និងតំបន់នូសា ថេកការ៉ា ខាងលិច (West Nusa Tenggara) ។
ក្រុមជនសង្ស័យត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមជ្រុលនិយម រួមមានក្រុមអ៊ីស្លាមឥណ្ឌូនេស៊ីណេហ្ការ៉ា (Negara Islam) ក្រុមចាម៉ាហ អានស្ហារ៉ូត ដូឡាហ(Jamaah Ansharut Daulah) និងក្រុមអានស្ហ័រ ដោឡាហ (Anshor Daulah)។ ប៉ូលិសបានឲ្យដឹងថា ក្រុមជនសង្ស័យត្រូវបានគេសង្ស័យថា បានចូលរួមក្នុងការផ្សព្វផ្សាយមនោគមវិជ្ជាជ្រុលនិយម ការជ្រើសរើសសមាជិក ការប្រមូលជំនួយ និងការរៀបចំវគ្គបណ្តុះបណ្តាលដែលពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម។ លោក ម៉ាយិនដ្រា (Mayndra) បានបន្ថែមថា ក្រុមអ្នកស៊ើបអង្កេតកំពុងត្រួតពិនិត្យលើលទ្ធភាពនៃទំនាក់ទំនងរបស់ជនសង្ស័យទាំងនេះជាមួយបណ្តាញជ្រុលនិយម និងបុគ្គលផ្សេងទៀត។លោកក៏បានអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នចំពោះការរីករាលដាលនៃមនោគមជ្រុលនិយម និងការឃោសនាពាក់ព័ន្ធនឹងភេរវកម្ម ជាពិសេសតាមរយៈប្រព័ន្ធឌីជីថល និងបណ្ដាញសង្គម៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២៦










