សិក្ខាសាលាផ្សព្វផ្សាយ «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម» នៅខេត្តកំពត

0

ខេត្តកំពត៖ ឯកឧត្តម សេង សិរីបុត្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពត និង ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន អនុប្រធាន លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ឋានៈស្មើ រដ្ឋលេខាធិការ) នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២ បានចុះផ្សព្វផ្សាយ «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម»
នៅសាលាខេត្តកំពត។

សិក្ខាកាមចូលរួមក្នុងសិក្ខាសាលានេះ រួមមានថ្នាក់ដឹកនាំខេត្ត ប្រធាន អនុប្រធានមន្ទីរ អភិបាល អភិបាលរងស្រុក ស្នងការរង មេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទរបស់ខេត្ត និងថ្នាក់ដឹកនាំស្ថាប័ន ថ្នាក់ដឹកនាំអង្គភាពនានាផ្សេងៗទៀតរបស់ខេត្តកំពត មានចំនួនសរុប ២៩នាក់ (ស្រ្តី ៤នាក់)។

ក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន អនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានធ្វើបទបង្ហាញអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដើម្បីបញ្ជ្រាបការយល់ដឹងដល់សិក្ខាកាមទាំងអស់អំពីការទទួលខុសត្រូវ ការរៀបចំសម្របសម្រួល និងនីតិវិធីនានាក្នុងការត្រៀមខ្លួនជាមុន ការបង្ការ និងការប្រឆាំងអំពើភេរវកម្មនៅក្នុងប្រទេសកម្ពុជា ព្រមទាំងការដោះស្រាយផលវិបាកនានា អំពីអំពើភេរវកម្ម និងសកម្មភាពពាក់ព័ន្ធនានា (ប្រសិនបើមាន)។

ក្នុងឱកាសដ៏មានតម្លៃនេះ ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន ក៏បានពាំនាំយកនូវមតិផ្តាំផ្ញើរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ចំពោះសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ប្រឆាំងដាច់ខាត ចំពោះអំពើនានាដែលទាក់ទងនឹងសកម្មភាពសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រោះថា ពួកភេរវករអាចធ្វើសកម្មភាពបាន លុះត្រាតែមានប្រភពហិរញ្ញវត្ថុ។

ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន ក៏បានបញ្ជាក់អំពីតួនាទីនៃមេបញ្ជាការនៅកន្លែងមានឧប្បទ្ទវហេតុភេរវកម្មដែរ គឺស្នងការនគរបាលខេត្ត/រាជធានី គឺជាមេបញ្ជាការនៅកន្លែងកើតឧប្បទ្ទវហេតុភេរវកម្ម (បើមាន) និងតួនាទី ភារកិច្ចរបស់កម្លាំងជំនួយ និងក្រុមការងារសម្របសម្រួលដទៃទៀត… ។ល។

អង្គសិក្ខាសាលាផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្មនេះ បានចប់នៅវេលាម៉ោង ១១:៥នាទី នាថ្ងៃដដែល ដោយម្នាក់ៗទទួលបានចំណេះដឹងថ្មីៗ អំពីការប្រឆាំងអំពើភេរវកម្ម ពិសេសការប្រឆាំងនឹងការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here