ប្រតិភូលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានបន្តដំណើរមកដល់ខេត្តព្រៃវែង ដើម្បីធ្វើសិក្ខាសាលាផ្សព្វផ្សាយ «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម» នាវេលាម៉ោង 8:30នាទីព្រឹក ថ្ងៃទី 22 ខែ កុម្ភៈ ឆ្នាំ 2022 នៅសាលាខេត្តព្រៃវែង ក្រោមអធិបតីភាពរបស់ឯកឧត្តម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង និង ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន អនុប្រធាន លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ឋានៈស្មើ រដ្ឋលេខាធិការ)។
សិក្ខាកាមចូលរួមក្នុងសិក្ខាសាលានេះ រួមមានថ្នាក់ដឹកនាំខេត្ត ប្រធាន អនុប្រធានមន្ទីរ អភិបាល អភិបាលរងស្រុកទាំងអស់ចំណុះឱ្យខេត្ត ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទរបស់ខេត្ត និងថ្នាក់ដឹកនាំស្ថាប័ន ថ្នាក់ដឹកនាំអង្គភាពនានាផ្សេងៗទៀតរបស់ខេត្តព្រៃវែងទាំងមូល មានចំនួនសរុប44 នាក់ (ស្រ្តី 8នាក់)។
ក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន អនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានធ្វើបទបង្ហាញអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដើម្បីបញ្ជ្រាបការយល់ដឹងដល់សិក្ខាកាមទាំងអស់អំពីការទទួលខុសត្រូវ ការរៀបចំសម្របសម្រួល និងនីតិវិធីនានាក្នុងការត្រៀមខ្លួនជាមុន ការបង្ការ និងការប្រឆាំងអំពើភេរវកម្មនៅក្នុងប្រទេសកម្ពុជា ព្រមទាំងការដោះស្រាយវិផលបាកនានាអំពីអំពើភេរវកម្ម និងសកម្មភាពពាក់ព័ន្ធនានា (ប្រសិនបើមាន)។ ក្នុងឱកាសដ៏មានតម្លៃនេះ ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន ក៏បានពាំនាំយកនូវមតិផ្តាំផ្ញើររបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ចំពោះសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ប្រឆាំងដាច់ខាត ចំពោះអំពើនានាដែលទាក់ទងនឹងសកម្មភាពសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ព្រោះថា ពួកភេរវករអាចធ្វើសកម្មភាពបានលុះត្រាតែមានប្រភពហិរញ្ញវត្ថុ។
ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន ក៏បានបញ្ជាក់អំពីតួនាទីនៃមេបញ្ជាការនៅកន្លែងមានឧប្បទ្ទវហេតុភេរវកម្មដែរ គឺស្នងការនគរបាលខេត្ត/រាជធានី គឺជាមេបញ្ជាការនៅកន្លែងកើតឧប្បទ្ទវហេតុភេរវកម្ម (បើមាន) និងក្រុមគាំទ្រថ្នាក់ជាតិ តួនាទី ភារកិច្ចរបស់កម្លាំងជំនួយ និងក្រុមការងារសម្របសម្រួលដទៃទៀត… ។ល។
អង្គសិក្ខាសាលាផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្មនេះ បានចប់នៅវេលាម៉ោង 11:10នាទី នាថ្ងៃដដែល ដោយម្នាក់ៗទទួលបានចំណេះដឹងថ្មីៗអំពីការប្រឆាំងអំពើភេរវកម្ម ពិសេសការប្រឆាំងនឹងការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ…៕