នាថ្ងៃពុធ ៧កើត ខែ ផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី ០៩ខែ មីនា ឆ្នាំ ២០២២ ប្រតិភូលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន អនុប្រធាន លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ឋានៈស្មើ រដ្ឋលេខាធិការ) បានបន្តដំណើរមកដល់ខេត្ត តាកែវ ដើម្បី បើកសិក្ខាសាលាផ្សព្វផ្សាយ «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម»។
អង្គសិក្ខាសាលាបានចាប់ផ្តើម វេលាម៉ោង 8:30នាទីព្រឹក នៅសាលាខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដែលមានសិក្ខាកាមចូលរួម ប្រធាន អនុប្រធានមន្ទីរ ចំណុះឲ្យខេត្ត អភិបាល អភិបាលរង ស្រុកទាំងអស់ ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទរបស់ខេត្ត និង ថ្នាក់ដឹកនាំអង្គភាពផ្សេងៗទៀតរបស់ខេត្តតាកែវទាំងមូល មានចំនួនសរុប ៦៦នាក់ (ស្រី ០៩នាក់)។
ក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន បានធ្វើបទបង្ហាញអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដើម្បីបញ្ជ្រាបការយល់ដឹងដល់សិក្ខាកាម
ទាំងអស់អំពីការទទួលខុសត្រូវ ការរៀបចំសម្របសម្រួល និងនីតិវិធីនានាក្នុងការត្រៀមខ្លួនជាមុន ការបង្ការ ការឆ្លើយតប នឹង ការស្ដាឡើងវិញ នៅពេលមានហេតុការកើតឡើងជាយថាហេតុ ព្រមទាំងការដោះស្រាយផលវិបាកនានាអំពីអំពើភេរវកម្ម និងសកម្មភាពពាក់ព័ន្ធនានា (ប្រសិនបើមាន)។ ក្នុងឱកាសដ៏មានតម្លៃនេះ ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន ក៏បានពាំនាំយកនូវមតិផ្តាំផ្ញើររបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ចំពោះសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ប្រឆាំងដាច់ខាត ចំពោះអំពើនានាដែលទាក់ទងនឹងសកម្មភាពសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ ព្រោះថា ពួកភេរវករអាចធ្វើសកម្មភាពបានលុះត្រាតែមានប្រភពហិរញ្ញវត្ថុ។
ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន ក៏បានបញ្ជាក់អំពីតួនាទីនៃមេបញ្ជាការនៅកន្លែងកើតហេតុ គឺស្នងការនគរបាល រាជធានី /ខេត្ត គឺជាមេបញ្ជាការនៅកន្លែងកើត ឧប្បទ្ទវហេតុភេរវកម្ម (បើមាន) ។
អង្គសិក្ខាសាលាផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្មនេះ បានចប់នៅវេលាម៉ោង ១១:៣០នាទី នាថ្ងៃដដែល ដោយសិក្ខាកាមម្នាក់ៗ ទទួលបានចំណេះដឹងថ្មីៗអំពីការប្រឆាំងអំពើភេរវកម្ម ពិសេសការប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕