សិក្ខាសាលាផ្សព្វផ្សាយ «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម» ខេត្តឧត្ដរមានជ័យ

0

សិក្ខាសាលាផ្សព្វផ្សាយ «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម». នាថ្ងៃព្រហស្បតិ៍ ១៣ រោច ខែ ស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ ប្រតិភូលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន អនុប្រធាន លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ឋានៈស្មើ រដ្ឋលេខាធិការ) បានបន្តដំណើរមកដល់ខេត្ត ឧត្ដរមានជ័យ ដើម្បី បើកសិក្ខាសាលាផ្សព្វផ្សាយ «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម»។

អង្គសិក្ខាសាលាបានចាប់ផ្តើម វេលាម៉ោង 8:30នាទីព្រឹក នៅសាលាខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឃិន ញ៉ាណ អភិបាលរងនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដែលមានសិក្ខាកាមចូលរួម ប្រធាន អនុប្រធានមន្ទីរ ចំណុះឲ្យខេត្ត អភិបាល អភិបាលរង ស្រុកទាំងអស់ ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទរបស់ខេត្ត និង ថ្នាក់ដឹកនាំអង្គភាពផ្សេងៗទៀតរបស់ខេត្តឧត្ដរមានជ័យទាំងមូល មានចំនួនសរុប 30នាក់ (ស្រី 2 នាក់)។

ក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន បានធ្វើបទបង្ហាញអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដើម្បីបញ្ជ្រាបការយល់ដឹងដល់សិក្ខាកាមទាំងអស់អំពីការទទួលខុសត្រូវ ការរៀបចំសម្របសម្រួល និងនីតិវិធីនានាក្នុងការត្រៀមខ្លួនជាមុន ការបង្ការ ការឆ្លើយតប នឹង ការស្ដាឡើងវិញ នៅពេលមានហេតុការកើតឡើងជាយថាហេតុ ព្រមទាំងការដោះស្រាយផលវិបាកនានាអំពីអំពើភេរវកម្ម និងសកម្មភាពពាក់ព័ន្ធនានា (ប្រសិនបើមាន)។

ក្នុងឱកាសដ៏មានតម្លៃនេះ ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន ក៏បានពាំនាំយកនូវមតិផ្តាំផ្ញើររបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ចំពោះសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ប្រឆាំងដាច់ខាត ចំពោះអំពើនានាដែលទាក់ទងនឹងសកម្មភាពសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ ព្រោះថា ពួកភេរវករអាចធ្វើសកម្មភាពបានលុះត្រាតែមានប្រភពហិរញ្ញវត្ថុ។

ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន ក៏បានបញ្ជាក់អំពីតួនាទីនៃមេបញ្ជាការនៅកន្លែងកើតហេតុ គឺស្នងការនគរបាល រាជធានី /ខេត្ត គឺជាមេបញ្ជាការនៅកន្លែងកើត ឧប្បទ្ទវហេតុភេរវកម្ម (បើមាន) ។

អង្គសិក្ខាសាលាផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្មនេះ បានចប់នៅវេលាម៉ោង 11:30នាទី នាថ្ងៃដដែល ដោយសិក្ខាកាមម្នាក់ៗ ទទួលបានចំណេះដឹងថ្មីៗអំពីការប្រឆាំងអំពើភេរវកម្ម ពិសេសការប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here