ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃព្រហស្បតិ៍ ៥ រោច ខែ ភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២២ ប្រតិភូលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន អនុប្រធាន លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ឋានៈស្មើ រដ្ឋលេខាធិការ) បានធ្វើបទបង្ហាញផ្សព្វផ្សាយ «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម» នៅសាលាខេត្តកំពង់ស្ពឺ។
សិក្ខាសាលានេះបានចាប់ផ្តើម នៅវេលាម៉ោង 8:30នាទីព្រឹក ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និង ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន ។ សិក្ខាកាមចូលរួមក្នុងអង្គសិក្ខាសាលារួមមាន ប្រធាន អនុប្រធានមន្ទីរ ចំណុះខេត្ត អភិបាល អភិបាលរង ស្រុកទាំងអស់ ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និង ថ្នាក់ដឹកនាំអង្គភាពផ្សេងៗទៀតចំណុះខេត្ត មានចំនួនសរុប ៤0នាក់ (ស្រី ០៥នាក់)។
គោលបំណងនៃបទបង្ហាញនេះគឺ ដើម្បីបញ្ជ្រាបការយល់ដឹងដល់សិក្ខាកាមទាំងអស់នូវការទទួលខុសត្រូវ ការរៀបចំសម្របសម្រួល និងនីតិវិធីនានា ក្នុងការត្រៀមខ្លួនជាមុន ការបង្ការ ការឆ្លើយតប និង ការស្ដាឡើងវិញ ពេលមានឧបទ្ទវហេតុភេរវកម្មកើតឡើងជាយថាហេតុ ។ ក្នុងឱកាសដ៏មានតម្លៃនេះ ឯកឧត្តមបណ្ឌិត ក៏បានពាំនាំយកនូវមតិផ្តាំផ្ញើរបស់ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជូនដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ប្រឆាំងដាច់ខាត ចំពោះសកម្មភាពទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រោះថា ពួកភេរវករអាចធ្វើសកម្មភាពបាន លុះត្រាតែមានប្រភពហិរញ្ញវត្ថុ។ ស្របពេលជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន បានសង្កត់ធ្ងន់ថា “ស្នងការនគរបាលរាជធានី/ខេត្តមានតួនាទីជាមេបញ្ជាការនៅកន្លែងកើតហេតុ ពេលមានឧបទ្ទវហេតុភេរវកម្មកើតឡើង”។
អង្គសិក្ខាសាលាផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្មនេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង 11:30នាទី នាថ្ងៃដដែល ដោយសិក្ខាកាមម្នាក់ៗ ទទួលបានចំណេះដឹងថ្មីៗអំពីការងារប្រឆាំងនឹងអំពើភេរវកម្ម ពិសេសការប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។