ខេត្តព្រះសីហនុ៖ នៅថ្ងៃសុក្រ ៦រោច ខែ ភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ ២០២២ ប្រតិភូលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន អនុប្រធាន លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ឋានៈស្មើ រដ្ឋលេខាធិការ) បានធ្វើបទបង្ហាញផ្សព្វផ្សាយ «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម» នៅសាលាខេត្តព្រះសីហនុ។
សិក្ខាសាលានេះ បានចាប់ផ្តើម នៅវេលាម៉ោង8:30នាទីព្រឹក ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមបណ្ឌិត ឈួន ចាន់ថន។ សិក្ខាកាមចូលរួមក្នុងអង្គសិក្ខាសាលានេះរួមមាន ប្រធាន អនុប្រធានមន្ទីរ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងស្រុក និងថ្នាក់ដឹកនាំអង្គភាព ផ្សេងៗទៀត ចំណុះខេត្ត មានចំនួនសរុប ៣៩នាក់ (ស្រី ០១នាក់)។
គោលបំណងនៃបទបង្ហាញនេះគឺ ដើម្បីបញ្ជ្រាបការយល់ដឹងដល់សិក្ខាកាមទាំងអស់នូវការទទួលខុសត្រូវ ការរៀបចំសម្របសម្រួល និងនីតិវិធីនានា ក្នុងការត្រៀមខ្លួនជាមុន ការបង្ការ ការឆ្លើយតប និងការស្ដាឡើងវិញ ពេលមានឧបទ្ទវហេតុភេរវកម្មកើតឡើងជាយថាហេតុ ។
ក្នុងឱកាសដ៏មានតម្លៃនេះ ឯកឧត្តម បណ្ឌិត ក៏បានពាំនាំយកនូវមតិផ្តាំផ្ញើរបស់ ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជូនដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ ប្រឆាំងដាច់ខាតនូវរាល់សកម្មភាពទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រោះថា ពួកភេរវករអាចធ្វើសកម្មភាពបាន លុះត្រាតែមានប្រភពហិរញ្ញវត្ថុ។ ស្របពេលជាមួយគ្នានោះ ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន បានសង្កត់ធ្ងន់ថា “ស្នងការនគរបាលរាជធានី/ខេត្តមានតួនាទីជាមេបញ្ជាការនៅកន្លែងកើតហេតុ ពេលមានឧបទ្ទវហេតុភេរវកម្មកើតឡើង”។
អង្គសិក្ខាសាលាផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្មនេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង 11:30នាទី នាថ្ងៃដដែល ប្រកបដោយបរិយារីករាយ និងស្និទ្ទស្នាល ដោយសិក្ខាកាមម្នាក់ៗ ទទួលបានចំណេះដឹងថ្មីៗ អំពីការងារប្រឆាំងនឹងអំពើភេរវកម្ម ជាពិសេស ការប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។