សិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” នៅខេត្ត​​បន្ទាយមានជ័យ

0

ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន អនុប្រធាន លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ឋានៈស្មើរដ្ឋលេខាធិការ) ដឹកនាំប្រតិភូលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានចុះផ្សព្វផ្សាយ «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម» នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃព្រហស្បតិ៍ ១កើត ខែ មគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២២។ សិក្ខាសាលានេះ បានចាប់ផ្តើម នៅវេលាម៉ោង ៨:៣០នាទីព្រឹក ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្ត បណ្ឌិត ឈួន ចាន់ថន។

សមាសភាពចូលរួមក្នុងអង្គសិក្ខាសាលានេះ រួមមានថ្នាក់ដឹកនាំខេត្ត ប្រធាន អនុប្រធានមន្ទីរ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងស្រុក និងថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធផ្សេងៗទៀតចំណុះខេត្ត សរុប ចំនួន ៧០នាក់ (ស្រី ០៤នាក់)។

គោលបំណងនៃសិក្ខាសាលានេះ ​គឺ ដើម្បីបញ្ជ្រាបការយល់ដឹងដល់សិក្ខាកាម​នូវ​ការទទួលខុសត្រូវ ការរៀបចំសម្របសម្រួល និង នីតិវិធីនានា ក្នុងការត្រៀមខ្លួនជាមុន ការបង្ការ ការឆ្លើយតប និង ការស្ដាឡើងវិញ ពេលមានឧបទ្ទវហេតុភេរវកម្មកើតឡើងជាយថាហេតុ។ នាឱកាសដ៏មានតម្លៃនោះ ឯកឧត្តម បណ្ឌិត ក៏បានពាំនាំនូវមតិផ្តាំផ្ញើរបស់ ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ ទប់ស្កាត់អោយបាននូវរាល់សកម្មភាពទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ (ML) ហិរញ្ញប្បទានភេរវកម្ម (TF) និង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF) ព្រោះថា ពួកភេរវករ អាចធ្វើសកម្មភាពបាន លុះត្រាតែមានប្រភពហិរញ្ញវត្ថុ។ ស្របពេលជាមួយគ្នានោះ ឯកឧត្តម បណ្ឌិត ក៏បានបញ្ជាក់ផងដែរថាថា “ស្នងការនគរបាលរាជធានី/ខេត្ត មានតួនាទីជាមេបញ្ជាការនៅកន្លែងកើតហេតុ ពេលមានឧបទ្ទវហេតុភេរវ​កម្មកើតឡើង”។

អង្គសិក្ខាសាលានេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង 11:30នាទី នាថ្ងៃដដែល ប្រកបដោយបរិយាកាសរីករាយ និង ស្និទ្ធស្នាល ដោយសិក្ខាកាមម្នាក់ៗទទួលបានចំណេះដឹងថ្មីៗ ដែលពាក់ព័ន្ធនឹងការងារប្រឆាំងអំពើភេរវកម្ម ជាពិសេស ការប្រឆាំងនឹងការសម្អាតប្រាក់ (ML) ហិរញ្ញប្បទានភេរវកម្ម (TF) និង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF)។

LEAVE A REPLY

Please enter your comment!
Please enter your name here