នៅថ្ងៃសុក្រ ២កើត ខែ មគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ឋានៈស្មើរដ្ឋលេខាធិការ) បានដឹកនាំប្រតិភូលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ចុះផ្សព្វផ្សាយ ”សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” នៅសាលាខេត្តបាត់ដំបង ។ សិក្ខាសាលានេះ បានចាប់ផ្តើម នៅវេលាម៉ោង ១៤ : 00 ក្រោមអធិបតីភាព ឯកឧត្តម ធូ ភា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និង ឯកឧត្ត បណ្ឌិត ឈួន ចាន់ថន។
សមាសភាពចូលរួមក្នុងអង្គសិក្ខាសាលានេះ រួមមាន ថ្នាក់ដឹកនាំខេត្ត ប្រធាន អនុប្រធានមន្ទីរ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងស្រុក និងថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធផ្សេងៗទៀតចំណុះខេត្ត សរុប ចំនួន ៨៨ នាក់ (ស្រី ១៥ នាក់)។
គោលបំណងនៃអង្គពិធីនេះ គឺ ដើម្បីបញ្ជ្រាបការយល់ដឹងដល់សិក្ខាកាម នូវ ការទទួលខុសត្រូវ ការរៀបចំសម្របសម្រួល និង នីតិវិធីនានា ក្នុងការត្រៀមខ្លួនជាមុន ការបង្ការ ការឆ្លើយតប និង ការស្ដាឡើងវិញ ពេលមានឧបទ្ទវហេតុភេរវកម្មកើតឡើងជាយថាហេតុ។ ក្នុងឱកាសដ៏មានតម្លៃនោះ ឯកឧត្តម បណ្ឌិត ក៏បានពាំនាំនូវមតិផ្តាំផ្ញើរបស់ ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ ទប់ស្កាត់អោយបាននូវរាល់សកម្មភាពទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ (ML) ហិរញ្ញប្បទានភេរវកម្ម (TF) និង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF) ព្រោះថា ពួកភេរវករ អាចធ្វើសកម្មភាពបាន លុះត្រាតែមានប្រភពហិរញ្ញវត្ថុ។ ស្របពេលជាមួយគ្នានោះ ឯកឧត្តម បណ្ឌិត ក៏បានបញ្ជាក់ផងដែរថា “ស្នងការនគរបាលរាជធានី/ខេត្ត មានតួនាទីជាមេបញ្ជាការនៅកន្លែងកើតហេតុ ពេលមានឧបទ្ទវហេតុភេរវ កម្មកើតឡើង”។
អង្គសិក្ខាសាលានេះត្រូវបានបញ្ចប់នៅវេលាម៉ោង ១៧ :០០ នាថ្ងៃដដែល ក្រោមបរិយាកាស រីករាយ និង ស្និទ្ធស្នាល ដោយសិក្ខាកាមម្នាក់ៗទទួលបានចំណេះដឹងថ្មីៗ ដែលពាក់ព័ន្ធនឹងការងារប្រឆាំងអំពើភេរវកម្ម ជាពិសេស ការប្រឆាំងនឹងការសម្អាតប្រាក់ (ML) ហិរញ្ញប្បទាន ភេរវកម្ម (TF) និង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF)៕