ភ្នំពេញ៖ ក្រោមការជួយឧបត្ថម្ភមូលនិធិពី កម្មវិធីគ្រប់គ្រងការនាំចេញ និងសន្តិសុខព្រំដែន នៃក្រសួងការបរទេសសហរដ្ឋអាមេរិក វគ្គហ្វឹកហ្វឺនរយៈពេលខ្លីមួយត្រូវបានប្រារពឡើង ក្រោមប្រធានបទ “បច្ចេកទេសទប់ស្កាត់ និងសម្ភាសន៍អ្នករត់ពន្ធ” នៅក្នុងសណ្ឋាគារ តារាអ៊ែផត រាជធានីភ្នំពេញ នាថ្ងៃទី១២ ដល់១៣ ខែធ្នូ ឆ្នាំ២០១៣។ វគ្គសិក្សាដ៏សំខាន់នេះមានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធមួយចំនួនរបស់កម្ពុជាដូចជា នគរបាលអន្តោប្រវេសន៍ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញពីសំណាក់លោក ម៉ៃ ម៉ាកណាម៉ារ៉ា (Mike McNamara) ទីប្រឹក្សាកម្មវិធីគ្រប់គ្រងការនាំចេញ និងសន្តិសុខព្រំដែន (XBS Advisor) តំណាងប្រចាំស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា។
ទោះបីជាកម្ពុជាមិនមែនជា គោលដៅនៃការរត់ពន្ធទំនិញ ឫសព្វាវុធ និងបច្ចេកវិទ្យាដែលអាចប្រើប្រាស់សម្រាប់គោលបំណងផលិតអាវុធ គ្រាប់ផ្ទុះក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយ តំបន់ និងសកលលោកក្នុងការបង្ការ ការទប់ស្កាត់ នឹងការរត់ពន្ធ ដោយខុសច្បាប់នូវ សារធាតុនុយក្លេអែរ និងវិទ្យុសកម្ម។ ជាក់ស្តែងកម្ពុជា មានច្បាប់ប្រឆាំងអំពើភេរវកម្ម ច្បាប់ព្រហ្មទណ្ឌ ច្បាប់ស្តីពី ការហាមឃាត់ការប្រើប្រាស់ អាវុធគីមី នូយក្លែអ៊ែរ ជីវសាស្រ្ត និងវិទ្យុស និងច្បាប់មួយចំនួនទៀត ដែលពាក់ពន្ធនឹងការបង្ការ ការទប់ស្កាត់ ការរត់ពន្ធ ដែលបានដាក់ឱ្យប្រើប្រាស់សព្វថ្ងៃ និងនៅថ្ងៃអនាគត សម្រាប់គ្រប់គ្រង និងដាក់ទោសទណ្ឌ ដល់ជនល្មើសដោយមិនមានការលើកលែងឡើយ ។
ជាងនេះទៀត កម្ពុជានូវបានបង្កើតយន្តការការងារមួយចំនួនសំដៅបង្កើន នូវកិច្ចសម្របសម្រួល ការងាររវាងស្ថាប័នដែលពាក់ពន្ធ័ ដូចជាមន្ត្រីនគរបាលអន្តោប្រវេសន៍ និងមន្រ្តីគយ ក៏ដូចជាការផ្សព្វផ្សាយការយល់ដឹងលើការគ្រប់គ្រងការនាំចេញដល់មន្រ្តីជួរមុខមន្រ្តីអនុវត្តច្បាប់ និងការចូលរួមពីវិស័យឯកជនតាមរយៈគំរោងជំនួយដ៏មានប្រសិទ្ធិភាពរបស់សហរដ្ឋអាមេរិក នាពេលកន្លងមក ។
វគ្គបណ្តុះបណ្តាលដែលមានបទឧទ្ទេសនាម និងលំហាត់អនុវត្តនេះនឹង ធ្វើឱ្យសិក្ខាកាមយើងយល់បានកាន់ តែស៊ីជំរៅពីបច្ចេកទេសទប់ស្កាត់ ជាពិសេសបច្ចេកទេសសម្ភាសន៍អ្នករត់ពន្ធ។ ដូចនេះ ខ្ញុំសូមលើកទឹកចិត្តអ្នកទាំងអស់គ្នាខិតខំរៀនសូត្រ និងចែក រំលែក ចំណេះដឹងគ្នាឱ្យបានសកម្មដើម្បីធ្វើឱ្យវគ្គបណ្តុះបណ្តាល និងលំហាត់នេះទទួល បានទាំងចំណេះ ដឹងថ្មីៗ និងបណ្តាញទំនាក់ទំនងការងារកាន់តែប្រសើរ ។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការ ចូលរួមចំណែករក្សាឱ្យមាន សន្តិសុខសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងតំបន់ និងសកលលោកផង និងពុះពារគ្រប់យ៉ាងដើម្បី ប្រយុទ្ធប្រឆាំងទៅនឹងការរត់ពន្ធសារធាតុដ៏គ្រោះថ្នាក់ទាំងអស់។