ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ មន្រ្តីលេខាធិការដ្ឋានគណៈកម្មាធិកាជាតិប្រឆាំងភេរវកម្ម ដែលដឹកនាំដោយ ឯកឧត្តម អ៊ឹង អៀង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង និងជាសមាជិកលេខាធិការដ្ឋាននៃគណកម្មាធិការជាតិប្រឆាំងភេរវកម្ម អបដំណើរដោយ លោក ប៉ឹល ច័ន្ទវីរៈ ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន លោក ពៅ វិទូ អនុប្រធានការិយាល័យការពារហេដ្ឋារចនាសម្ព័ន្ធទី២ និង លោក ងួន ណារិទ្ធ មន្រ្តីនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានសហការជាមួយមន្រ្តីគយច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងសន្តិសុខកំពុងផែក្រុងព្រះសីហនុ បានធ្វើលំហាត់សមយុទ្ធក្នុងការប្រើប្រាស់ម៉ាស៊ីនស្ពាយរកសារជាតិ វិទ្យុសកម្ម។ ក្នុងលំហាត់អនុវត្តនោះ គឺ លគជបភ បានប្រើសារជាតិវិទ្យុសកម្មពិត (Sources) នៅខាងក្រោមរថយន្តកុងទីន័រ ដើម្បីធ្វើការត្រួតពិនិត្យ លើកទី១ (First Inspection) ហើយក្រោយពីមានការសង្ស័យថារថយន្តមានសារជាតិវិទ្យុសកម្ម គឺភាគីខាងគយ បានបញ្ជូនព័ត៌មានបន្ត ដើម្បីធ្វើការត្រួតពិនិត្យជាលើកទី២ (Secondary Inspection) ដោយមានការចូលរួមសហការក្នុងការនាំរថយន្តដែលង្ស័យទៅធ្វើការត្រួពិនិត្យលើកទី២។ ក្នុងការធ្វើ Secondary Inspection គឺភាគីខាង លគជបភ ធ្វើការប្រើប្រាស់ម៉ាស៊ីន Backpack និង Pager ដើម្បីធ្វើការរុករក នឹង កំណត់បាននូវ Sources រីឯភាគីខាងគយ បានប្រើប្រាស់នូវម៉ាស៊ីន PRM ដើម្បីរុករក។ វគ្គសមយុទ្ធដែលមានរយៈពេល១ថ្ងៃនេះបានផ្តល់ឲ្យមន្រ្តី លគជបភ មន្រ្តីគយ និងសន្តិសុខកំពង់ផែក្រុងព្រះសីហនុ នូវចំណេះដឹង និងការអនុវត្តជាក់ស្តែងយ៉ាងច្រើនអំពីបច្ចេកទេសនៃការប្រើប្រាស់ឧបករណ៏សម្រាប់រាវរក ទៅលើរថយនុ្តដឹកទំនិញដែលខុសច្បាប់ ជាពិសេសនោះគឺនិតិវិធីនៃការអនុវត្តទៅលើម្ចាស់រថយន្ត ដែល មានការសង្ស័យ។ ការបង្កើតលំហាត់សមយុទ្ធជាក់ស្តែងរបស់ លគជបភ បែបនេះគឺក្នុងគោលដៅចម្បងដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញ ក្នុងការអនុវត្តឲ្យត្រូវទៅតាមនិតិវិធី សេនារីយ៉ូដែលមានចែងក្នុងសៀវភៅ SOP ដែលរៀបចំចងក្រងឡើងក្រោមកិច្ចសហការរវាង លគជបភ អគ្គនាយកដ្ឋានគយ និងរដ្ឋករ និងកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។
ទោះបីជាកម្ពុជាមិនមែនជាគោលដៅនៃរបស់ពួកភេរវករ ក្នុងការវាយប្រហារ ឬរត់ពន្ធទំនិញខុសច្បាប់ ឬសារធាតុវិទ្យុសកម្ម ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយ តំបន់ និងសកលលោកក្នុងការបង្ការ ការទប់ស្កាត់ នឹងការរត់ពន្ធទំនិញខុសច្បាប់ សារធាតុនុយក្លេអែរ និងវិទ្យុសកម្ម។ ការធ្វើសមយុទ្ធនេះបានបញ្ចប់ដោយជោគជ័យក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត បន្ទាប់ពីចែករំលែកបទពីសោធន៍ និង ចំណេះដឹងបចេ្ចកទេសគ្នាទៅវិញទៅមករយៈពេល១ថ្ងៃពេញ។
សូមបញ្ជាក់ថា៖ ក្នុងការអនុវត្តលំហាត់សមយុទ្ធនោះ លគជបភ ក៏មានការថតជាភាពយន្តឯកសារដើម្បីទុកជាឯកសារជំនួយ និងចែករំលែកបទពិសោធន៍សម្រាប់អង្គភាពគយ ឬអាជ្ញាធរនៅតាមច្រកសំខាន់ៗផ្សេងទៀតផងដែរ។